ការចិញ្ចឹម-ត្រី អណ្តែង
បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក ការចិញ្ចឹម ត្រីក្នុងថង់ប្លាស្ទិក ជាបទពិសោធន៍មួយដែលពេញនិយមរបស់កសិករ ។ ក្រោយពីបានអានទស្សនាវដ្តីកសិករតែងតែចាប់អារម្មណ៍ ហើយយកទៅអនុវត្តន៍តាមបានជោគជ័យគ្រប់ៗគ្នា នៅតាមគ្រប់តំបន់ ។ បច្ចេកទេសនេះមានលក្ខណៈងាយស្រួល និងលក្ខខណ្ឌសមស្របសម្រាប់កសិករដែលមានដីតូច និងចំណាយអស់តិច ។ ក្រោយពីចិញ្ចឹមបាន ៦ ខែ គាត់ចាប់លក់បាន ២០ គីឡូក្រាមម្តង ដោយត្រីមួយមានទំងន់ ៣ ខាំ និងចាប់លក់បាន ៣ ដង ។ ការចិញ្ចឹមត្រីនេះ អាចធ្វើឲ្យជីវភាពគាត់បានល្អប្រសើរ ១ កំរិត ។
លោកពូ រស់ ម៉ៅ រស់នៅភូមិពញ្ញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ គាត់មានប្រសាសន៍ថា ការដែលគាត់ចិញ្ចឹមត្រីបាន ល្អនេះដោយសារតែគាត់អនុវត្តតាមបច្ចេកទេសដូចខាងក្រោម :
១.ការជ្រើសរើសទីតាំង
កន្លែង ចិញ្ចឹម ត្រូវជ្រើសរើសមើលក្បែរប្រភពទឹកងាយស្រួលផ្លាស់ប្តូរទឹក ដីទួលខ្ពស់មិនលិចទឹក និងជាកន្លែងវាលមិនម្លប់ពេក ហើយនៅជិតផ្ទះងាយស្រួលមើលថែរក្សា ។
២.ការរៀបចំកន្លែងចិញ្ចឹម
គាត់រៀបចំ រណ្តៅដែលមានទំហំបណ្តោយ ៤ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និងជម្រៅ ០,៩ ម៉ែត្រ ។ រណ្តៅគាត់ជីកឲ្យមានជើងទេ កុំឲ្យបាក់ដី រួចក្រាលថង់ប្លាស្ទិកឲ្យសល់ប្រហែល ២ តឹក ចេញពីមាត់រណ្តៅ ដើម្បីដាក់ដីទប់ពីលើ ។ ក្រោយពេលក្រាលហើយ គាត់បានដាក់ភក់បាតត្រពាំងកំរាស់ ១ តឹក សព្វពេញបាតរណ្តៅ ក្រោយមកគាត់បានបាចកំបោរចំនួន ២ ខាំ ដើម្បីសម្លាប់មេរោគក្នុងរណ្តៅ បន្ទាប់មកទុកចោលរយៈពេល ២ ថ្ងៃ ទើបបូមទឹកចូលឲ្យពេញរណ្តៅ ។ ដើម្បីបង្កើតប្លង់តុង ( សត្វល្អិតជាចំណី ) គាត់បានដាក់ទន្ទ្រានខែត្រចំនួន ២ ដុំ (មួយដុំប្រហែល ១ គីឡូក្រាម) និងបានដាក់អាចម៍គោចំនួន ២ គីឡូក្រាម ដោយខ្ចប់នឹងស្បៃឈឹប ដើម្បីងាយស្រួលរំលាយសារធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹកមានប្លង់តុងល្អហើយ គាត់ស្រង់ទន្ទ្រានខែត្រ និងលាមកគោ ទើបអាចដាក់កូនត្រីចិញ្ចឹមបាន ។
៣. ការដឹកជញ្ជូន និងបរិមាណលែងកូនត្រី
កូនត្រី របស់គាត់ដែលដាក់ចិញ្ចឹមបានទិញមកពីស្ថានីយ៍ភ្ញាស់កូនត្រី ។ ក្រោយពេលមកដល់ផ្ទះ គាត់បានដាក់ថង់កូនត្រីក្នុងរណ្តៅដែលមានដាក់ទឹកពេញ ហើយមានប្លង់តុងរយៈពេល ១០ នាទី ដើម្បីឲ្យកូនត្រីមានភាពស៊ាំក្នុងទឹក ។ ក្រោយមកទៀត គាត់បានស្រាយមាត់ថង់ ហើយបាចទឹកបញ្ចូលបន្តិចម្តងៗឲ្យកូនត្រី ចេញតាមដំណើរកុំឲ្យកូមត្រីមានភាពភ័យរន្ធត់ ។ កូនត្រីដែលគាត់ដាក់ចិញ្ចឹមមានចំនួន ៤២០ ក្បាល ។ ក្នុងនោះត្រី អណ្តែងស្រែគាត់ដាក់ចំនួន ២០ក្បាល ប៉ុន្តែត្រូវក្រៀវដោយយកកន្ត្រៃកាត់ក្រចកចុងធ្មុងវាចោល ដើម្បីវាលូតលាស់លឿន ( កុំកាត់ជ្រៅពេក ) ។
៤.ប្រភេទចំណី និងការផ្តល់ចំណី
ចំណីដែល គាត់បានផ្តល់ឲ្យត្រីស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀនមាន់ ទា ពស់ងាប់ ជន្លេន ។ ចំណីកូនត្រីដំបូងគឺ បាយ បបរលាយជាមួយកន្ទក់ ចំណីនេះឲ្យស៊ីរយៈពេល ១ សប្តាហ៍ ក្រោយមកគាត់បន្ថែមចំណី ផ្សេងទៀតដូចជា កណ្តៀរ ជន្លេនងាប់ និងបាយលាយជាមួយកន្ទក់ឲ្យស៊ីចំនួនពីរដងក្នុងមួយថ្ងៃ ( ចំនួនកន្ទក់ ១ គីឡូក្រាម ) ។
៥.ការគ្រប់គ្រង និងថែទាំ
ចំពោះទឹក គាត់ប្តូរ ១ ខែម្តង ដោយដងចេញ ៥ ប៉ោត និងដងដាក់វិញ ៥ ប៉ោត ហើយគាត់បានធ្វើរបាំងស្បៃការពារជុំវិញមាត់រណ្តៅ ដើម្បីការពារសត្វជ្រូក គោ មាន់ ទា និងពិសេសការពារការលោតចេញ ឬ ឡើងពីរណ្តៅ ។ នៅពេលដាក់ចំណី គាត់តែងតែគោះឈើដើម្បីហៅត្រីឲ្យស៊ីចំណី ។ ក្រៅពីគាត់ផ្តល់ចំណី គាត់តែងមើលជុំវិញរណ្តៅក្រែងមានពស់ ឬ កង្កែប ឬ កណ្តុរ កាត់របាំងរបស់គាត់ ។
៦.ការប្រមូលផល
ក្រោយពី ចិញ្ចឹមបានរយៈពេល ៦ ខែ ត្រីអណ្តែងរបស់គាត់លូតលាស់លឿនពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុងមួយក្បាល ។ គាត់ប្រមូលផលដោយដងលក់ម្តងចំនួន ២០ គីឡូក្រាម ។ លក់បានចំនួន ៣ ដង ទើបអស់ ។ សរុបនៃការលក់ត្រី ទាំងអស់បាន ៣៦០ ០០០ រៀល ។ ក្នុងការចិញ្ចឹមត្រីនេះគាត់ចំណាយទិញកូនត្រី ៣៦ ០០០ រៀល ថង់ប្លាស្ទិក ៥០០០០ ( ថង់ប្លាស្ទិកអាចប្រើបាន ៣ ដង ) ស្បៃឈឹប ១២ ០០០ រៀល ។ សរុបគាត់ចំណាយអស់ ៩៨ ០០០ រៀល ។ ដូចនេះ គាត់ទទួលបានចំនួនសុទ្ធ ៦២៦ ០០ រៀល ដោយមិនគិតពីការបិភោគ ក្នុងគ្រួសារ ។
៧.ចំណាប់អរម្មណ៍
តាមរយៈ ការចិញ្ចឹមត្រីដែលទទួលជោគជ័យនេះ លោកពូបានមានប្រសាសន៍ថា ការចិញ្ចឹមនេះមិនចំណាយពេលច្រើន មិនលំបាកថែទាំ មិនចំណាយទន់ច្រើន មិនត្រូវការកន្លែងធំ ពិសេសចំណីងាយរកមិនចាំបាច់ទិញគេ ។ ម្យ៉ាងទៀតអាចផ្គត់ផ្គង់ធ្វើម្ហូបបរិភោគប្រចាំថ្ងៃ ហើយឆ្នាំក្រោយគាត់នឹងពង្រីកថែមមួយរណ្តៅទៀត និងជួយផ្សព្វផ្សាយដល់អ្នកភូមិឲ្យគាត់យល់ ហើយចិញ្ចឹមដូចគាត់ដែរ៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)
0 comments:
Post a Comment