Latest News

បច្ចេកទេសនៃការចិញ្ចឹមអន្ទង់

++បច្ចេកទេសនៃការចិញ្ចឹមអន្ទង់++
១-ប្រភេទអន្ទង់
អន្ទង់មានច្រើនប្រភេទ ហើយត្រូវបានគេចិញ្ចឹមតាមអាងស៊ីម៉ង់ត៍ ឬអាងធ្វើពីស៊ុម ឈើព័ទ្ធជុំវិញ ដាក់ផ្ទាំងកៅស៊ូក្រាលពីក្នុងអាស្រ័យទៅតាមលទ្ធភាពរបស់អ្នកចិញ្ចឹមម្នាក់ៗ ។ ដោយឡែកក្នុងករណីសិក្សានៅខេត្ដបាត់ដំបង អន្ទង់មានបីប្រភេទ គឺអន្ទង់ត្រាវ អន្ទង់ដំណើប និងអន្ទង់ព្រ័ត្រ ។ អន្ទង់ដែលអ្នកប្រើប្រាស់បានចាត់ទុកថា មានរសជាតិ ជាងគេគឺអន្ទង់ដំណើប និងអន្ទង់ត្រាវ ហើយអន្ទង់ដែលចិញ្ចឹមឆាប់ធំជាងគេគឺអន្ទង់ត្រាវ ។
លក្ខណៈរូបរាងខាងក្រៅអន្ទង់ទាំងបី ប្រភេទនេះ មានដូចខាងក្រោម ៖
ក-អន្ទង់ត្រាវ ៖ ក្បាលមានទំហំតូចជាងខ្លួន ហើយចាប់ពីផ្នែកកមកដងខ្លួនមានរាងស្ដួចមកផ្នែកកន្ទុយ ។ ផ្នែកពោះមានពណ៌សលាយពណ៌លឿងព្រឿងៗ និងមានអុចៗពណ៌ខ្មៅ និងនៅផ្នែកខ្នងមានពណ៌ត្នោត ។ ពេលត្រូវកំដៅភ្លើង (ចំអិន) ស្បែករបស់វានឹងប្រេះជាច្រើនកន្លែង ហើយឃើញសាច់ខាងក្នុង ។ អន្ទង់ត្រាវតូចជាងអន្ទង់ ដំណើប ។ អន្ទង់ប្រភេទនេះ សម្បូរនៅតាមទំនាបនៃតំបន់ទឹកទន្លេសាប និងបឹងបួនានា ក្នុងទូទាំងប្រទេស ។
ខ-អន្ទង់ដំណើប ៖ ក្បាលមានទំហំធំជាងដងខ្លួន ហើយចាប់ពីផ្នែកកមកដងខ្លួន មានរាងស្ដួចមកផ្នែកកន្ទុយ ។ ផ្នែកពោះមានពណ៌ ក្រហមព្រឿងៗ មិនមានចំណុចអុចៗទេ និងនៅផ្នែកខ្នងមានពណ៌ក្រហមព្រឿងបែបស្លាទុំ ។ ពេលត្រូវកំដៅភ្លើង (ចំអិន) ស្បែក របស់វាស្វិតរួញទៅនឹងដងខ្លួន មិនប្រេះដូច អន្ទង់ត្រាវទេ ។ អន្ទង់ប្រភេទនេះសម្បូរនៅ តាមទំនាបនៃតំបន់បឹងទន្លេសាប និងបឹងបួ នានាក្នុងទូទាំងប្រទេស ។
គ-អន្ទង់ព្រ័ត្រ ៖ រូបរាងដូចរូបភាពខាងក្រោម ផ្នែកខ្នងមានពណ៌ខ្មៅដូចស្លាបក្អែក និងនៅផ្នែកពោះមានពណ៌ខ្មៅ រាងស្វាយរលោង ។ ក្បាលមានទំហំតូចជាងដងខ្លួន ហើយចាប់ពីផ្នែកកមកដងខ្លួនមានរាងស្ដួច មកផ្នែកកន្ទុយ ។ ពេលត្រូវកំដៅភ្លើង (ចំអិន) ស្បែករបស់វាស្វិតរួញទៅនឹងដងខ្លួន មិនប្រេះដូចអន្ទង់ត្រាវទេ ។ បើប្រៀបធៀបទម្ងន់ដូចគ្នា អន្ទង់ព្រ័ត្រមានប្រវែងវែងជាងអន្ទង់ត្រាវ និងដំណើប ។ អន្ទង់ប្រភេទនេះ សម្បូរនៅតំបន់បឹងទន្លេសាប ។
២-ការចិញ្ចឹមអន្ទង់
ដោយសារកំណើននៃតម្រូវការអន្ទង់នៅ លើទីផ្សារ ក៏ដូចជានៅតាមភោជនីយដ្ឋាន នានា បានធ្វើឱ្យប្រជានេសាទ និងប្រជាកសិ ករព្យាយាមស្វែងយល់ពីបច្ចេកទេសថែបំប៉ន ឬចិញ្ចឹមប្រភេទអន្ទង់ទាំងនេះ ដើម្បីទុកលក់ នៅរដូវដែលអន្ទង់មានតម្លៃខ្ពស់ ។ តាមការ សិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថា សកម្មភាពចិញ្ចឹមអន្ទង់មានរូបភាពពីរ គឺ ចិញ្ចឹមក្នុងទ្រុង បែ ឬត្រើង និងចិញ្ចឹមក្នុង អាងតូចៗក្រាលបា្លស្ទិក ឬអាងធ្វើពីស៊ីម៉ង់ត៍ ដូចរូបភាពខាងក្រោម ។ ការចិញ្ចឹមអន្ទង់ តាមទ្រុង បែ ឬត្រើង ច្រើនអនុវត្ដនៅតាម ភូមិសាស្ដ្រដែលមានទឹកលិចជាប្រចាំ។ ចំណែកការចិញ្ចឹមអន្ទង់ក្នុងអាងតូចៗអាច អនុវត្ដបានគ្រប់ទីកន្លែង ។ ក៏ប៉ុន្ដែឯកសារ នេះរៀបរាប់តែការចិញ្ចឹមក្នុងអាងបា្លស្ទិកតែ ប៉ុណ្ណោះ ។
៣-ការរៀបចំអាង
ក-សំភាររួមផ្សំ
-ដើម្បីសង់អាងចិញ្ចឹមអន្ទង់ ចាំបាច់ត្រូវមានសំភារមួយចំនួនដូចជា បង្គោលឈើរបា ឈើ បន្ទះព្រួល កម្រាលបា្លស្ទិក (ក្រាស់) ស្បៃនីឡុងក្រឡាញឹក ខ្សែនីឡុង ឬលួស ចំណង ដែកគោល និងទុយោ ។
-ទំហំអាងដែលមានលក្ខណៈសមស្រប គឺ បណ្ដោយ៥ម៉ែត្រ ទទឹង១,៥ម៉ែត្រ និងកំពស់ ០,៧ម៉ែត្រ ទៅតាមទីតាំង ឬទីធ្លាដីដែល យើងមាន ។
-វល្លិត្អើក និងមែកឈើ ដូចជាមែករាំង និងមែកត្រស់សំរាប់រៀបចំជាជម្រកអន្ទង់ ។
ខ-ការសាងសង់អាងបា្លស្ទិក
អាងចិញ្ចឹមអន្ទង់ត្រូវសង់ពីលើដីផ្ទាល់តែ ម្ដង ដើម្បីងាយស្រួលក្នុងការបង្ហូរទឹកចេញ នៅពេលត្រូវការប្ដូរទឹកថ្មី ។ ទីតាំងដែលត្រូវ សាងសង់អាងគួរជ្រើសរើសយកក្បែរសំយាប ផ្ទះ និងនៅពីក្រោមចុងទរទឹកដែលភ្ជាប់ពី ដំបូលផ្ទះ ដើម្បីងាយស្រួលទទួលទឹកភ្លៀង បានច្រើននៅពេលមានភ្លៀងធ្លាក់ ដែលមាន ប្រយោជន៍នៅពេលចង់ធ្វើការផ្លាស់ប្ដូរទឹក ក្នុងអាង និងទីតាំងអាងត្រូវស្ថិតនៅក្នុងម្លប់ មិនទទួលរងកំដៅថ្ងៃខ្លាំងពេក ។
បង្គោលឈើត្រូវដាក់ចូលទៅក្នុងដីចន្លោះពីមួយទៅមួយចំងាយ០,៨ម៉ែត្រ ទៅ១ម៉ែត្រ និងដាក់របានៅផ្នែកខាងក្នុងអាងចន្លោះពីគ្នា០,៣ម៉ែត្រ ទៅ០,៥ម៉ែត្រ ។ បន្ទាប់មកយើងចាប់ផ្ដើមក្រាលព្រួលបញ្ឈរ ដោយចងភ្ជាប់នឹងរបារួចរៀបស្បៃនីឡុងក្រឡាញឹក ពាសកំរាលកៅស៊ូតាមជញ្ជាំងព្រួល និងបាតក្រោមរួមគ្នាតែម្ដង ។ បំពង់បង្ហូរទឹកចេញត្រូវដាក់យ៉ាងតិចពីរនៅតាមជ្រុងនៃអាង ដើម្បីងាយស្រួលបង្ហូរទឹកចេញ ។ ការរៀបចំចិញ្ចឹមអន្ទង់នៅក្នុងអាងត្រូវធ្វើឡើង ដោយផ្អែកលើលក្ខណៈធម្មជាតិដែលអន្ទង់ធ្លាប់រស់នៅ ហើយត្រូវរៀបចំឱ្យមានសំបុកសំរាប់ធ្វើជាជំរក និងដើម្បីផ្សាំទៅនឹងជីវិតជាក់ស្ដែងរបស់វាដែលរស់នៅក្នុងធម្មជាតិ ។
តាមការអនុវត្ដរបស់អ្នកចិញ្ចឹមអន្ទង់ ការរៀបចំសំបុកសំរាប់ជាជំរកអន្ទង់ គឺប្រើវល្លិត្អើកដែលត្រូវហាលថ្ងៃឱ្យស្រពាប់ពណ៌ក្រហមព្រឿងៗ (មួយអាទិត្យ) រួចត្រាំទឹកឱ្យរលួយ (រយៈពេលយ៉ាងតិចមួយសបា្ដហ៍) ទើបយកមកដាក់ក្នុងអាង និងត្រូវដាក់មែកឈើមួយចំនួនទៀតដូចជា មែករាំង មែកត្រស់ ដែលត្រូវត្រាំទឹក (រយៈពេលយ៉ាងតិចមួយសបា្ដហ៍) ។ វល្លិត្អើកត្រូវតម្រៀបពីក្រោម ហើយដាក់មែកឈើពីលើ ដើម្បីឱ្យអន្ទង់វារតោងសំរាក ឬស៊ីចំណី ។
សូមបញ្ជាក់ថា ការចិញ្ចឹមនេះ ពុំមានប្រើ ប្រាស់ដីភក់ ឬលាមកសត្វ ស្បែកសត្វ ឬចំបើង ដូចមានសរសេរក្នុងឯកសារមួយចំនួន នោះទេ ។ រួចបញ្ចូលទឹកក្នុងអាងឱ្យមាន កំពស់០,៧ម៉ែត្រ រយៈពេលយ៉ាងតិច១០ថ្ងៃ មុនពេលលែងកូនអន្ទង់ក្នុងអាង និងត្រូវ បញ្ចូលទឹកចុះឡើងក្នុងអាងធ្វើយ៉ាងណាឱ្យ បាត់ក្លិនស្អុយដោយសារវល្លិត្អើក និងមែក ឈើសិន ។ កំបោ្លក ឬចក មិនមែនជារុក្ខជាតិ ចាំបាច់ត្រូវតែដាក់នោះទេ ក៏ប៉ុន្ដែគេអាចដាក់ កំបោ្លកជាជំរកបាន គឺមិនត្រូវដាក់ឱ្យលើសពី ១/៤ (មួយភាគបួន) នៃផ្ទៃអាងឡើយ ។
៤-ប្រភពកូនពូជអន្ទង់
បច្ចុប្បន្ននេះ កូនពូជអន្ទង់ដែលយកមក ចិញ្ចឹម គឺទទួលបានពីធម្មជាតិទាំងស្រុង ដោយមិនទាន់មានសមត្ថភាពភ្ញាស់នៅឡើយ ក៏ប៉ុន្ដែរដ្ឋបាលជលផលកំពុងតែខិតខំស្រាវ ជ្រាវលើផ្នែកបង្កាត់ភ្ញាស់កូនអន្ទង់ពូជ នៅ តាមស្ថានីយនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចែកចាយឱ្យបានសមស្របតាមតម្រូវ ការរបស់កសិករ និងកាត់បន្ថយសម្ពាធលើ ការចាប់អន្ទង់ក្នុងធម្មជាតិមកចិញ្ចឹម ។
៥-ការលែងកូនអន្ទង់ពូជ
ក-ការជ្រើសរើសកូនអន្ទង់ពូជ
មិនខុសពីត្រីនោះទេ ការលែងកូនអន្ទង់ ពូជដែលមានទំហំខុសគ្នាធ្វើឱ្យមានការ ប្រជែងគ្នាស៊ីចំណី និងបណ្ដាលឱ្យការធំធាត់ ក៏ខុសគ្នាដែរ ។ យើងត្រូវដឹងដែរថា អន្ទង់ជា ប្រភេទសត្វស៊ីសាច់ជាអាហារ ដូច្នេះនៅពេល ខ្វះចំណីអន្ទង់ធំអាចស៊ីអន្ទង់តូចៗបាន ។ កូន អន្ទង់ដាក់ចិញ្ចឹមត្រូវមានទំហំស្មើៗគ្នា និង ត្រូវមានចំនួនយ៉ាងច្រើន២០ក្បាល ក្នុងមួយ គីឡូក្រាម ដើម្បីឱ្យកូនអន្ទង់មានអត្រារស់ ខ្ពស់ ។ កូនអន្ទង់ដែលចាប់ពីធម្មជាតិត្រូវថែ ទាំឱ្យបានល្អមិនត្រូវច្រកក្នុងការុងទេ ចៀស វាងការធ្វើឱ្យអន្ទង់មានដំបៅ ឬរលាកលើដង ខ្លួន ។
ខ-ប្រភេទអន្ទង់
ប្រភេទអន្ទង់ត្រូវដាក់ចិញ្ចឹមក៏ជាកត្ដា សំខាន់មួយដែរ ដោយយើងត្រូវផ្ដោតទៅលើ តម្រូវការទីផ្សារ និងកំរិតលូតលាស់ធំធាត់ របស់ប្រភេទអន្ទង់នីមួយៗ ។ ប្រភេទអន្ទង់ ដែលមានលក្ខណៈសមស្របបំផុតក្នុងការ ចិញ្ចឹម និងដើម្បីតម្រូវការទីផ្សារ គឺអន្ទង់ ដំណើប និងអន្ទង់ត្រាវ ។
គ-ដង់ស៊ីតេដាក់ចិញ្ចឹម
តាមបទពិសោធន៍អនុវត្ដកន្លងមក កូន អន្ទង់ពូជដែលមានទម្ងន់២០ក្បាលក្នុងមួយ គីឡូក្រាម ត្រូវដាក់ចិញ្ចឹមពី២០០ក្បាល ទៅ ២៥០ក្បាល ក្នុងមួយម៉ែត្រការ៉េ ទទួលបាន អត្រារស់ខ្ពស់ និងផ្ដល់ផលក្នុងរយៈពេលខ្លី ។
ឃ-ការដឹកជញ្ជូន និងពេលវេលាលែង កូនអន្ទង់
មតិភាគច្រើនបានយល់ថា អន្ទង់ជា ប្រភេទសត្វមានភាពធន់ទ្រាំនឹងមជ្ឈមណ្ឌល ជុំវិញខ្ពស់ និងកំរិតអុកស៊ីសែនទាប ដូចនេះ មិនបានគិតដល់ការរក្សាគុណភាពកូនអន្ទង់ ដែលត្រូវដាក់ចិញ្ចឹម ហើយតែងដឹកជញ្ជូន មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ កាលណាកូនអន្ទង់ដឹកជញ្ជូនមិនបានសម ស្របអាចធ្វើឱ្យកូនអន្ទង់បាក់កំលាំងរលាក ខ្លួន និងអាចងាប់ ក្រោយពេលដាក់ចូលអាង ឬធ្វើឱ្យកូនអន្ទង់បន្លាយពេលស៊ីចំណីនាំឱ្យ ក្រិន ឬធំធាត់យឺត ។ ដូច្នេះការដឹកជញ្ជូនកូន អន្ទង់ ទោះបីមិនមានអុកស៊ីសែនគ្រប់គ្រាន់ ក្ដីក៏យើងត្រូវដាក់វាក្នុងបរិមាណមួយសម ស្របដែរ ។ ការវេចខ្ចប់កូនអន្ទង់ដើម្បីដឹក ជញ្ជូនត្រូវដាក់ក្នុងធុង ឬថង់ដែលមានភាព កកិតទាបបំផុត ។ ជាទូទៅកូនអន្ទង់អាច ដាក់បានចំនួនច្រើនជាងត្រី ។
ពេលវេលាដាក់កូនអន្ទង់ចូលអាង គួរ កំណត់យកពេលរសៀលទើបល្អ ។ ការលែង កូនអន្ទង់ត្រូវអនុវត្ដដោយការបាចទឹកបញ្ចូល បន្ដិចម្ដងៗក្នុងធុង ឬថង់ដាក់កូនអន្ទង់ ដើម្បី ឱ្យកូនអន្ទង់មានលក្ខណៈបន្សាំទៅមជ្ឈដ្ឋានថ្មីបានល្អ ។
៦-ពេលវេលាដាក់ចិញ្ចឹម
ដោយសារកូនអន្ទង់ពូជបានពីធម្មជាតិ ដូច្នេះអ្នកចិញ្ចឹមទាំងឡាយត្រូវតែរង់ចាំរៀប ចំកន្លែងដាក់កូនអន្ទង់ចិញ្ចឹម រហូតដល់រដូវ ភ្លៀងធ្លាក់ចាប់ពីខែមិថុនា ដល់ខែសីហា ។ ពេលវេលាដែលសម្បូរកូនពូជអន្ទង់ជាងគេគឺ ខែកក្កដា និងខែសីហា ។
៧-ប្រភេទចំណីអន្ទង់
ចំណីអាហាររបស់អន្ទង់គឺកាកសំណល់ត្រី ដែលមានតំលៃថោក ខ្យង វារីសត្វ និងសត្វ ឥតឆ្អឹងកងដទៃទៀត ។ គេអាចលាយជា មួយនឹងកន្ទក់ ម្សៅត្រី ឬវីតាមីន ។ ចំណី ត្រូវរលាយជាមួយសារធាតុស្អិត ដើម្បីចៀស វាងការខូចគុណភាពទឹកឆាប់រហ័សពេក ។
ក-ប្រភេទចំណី
តាមបទពិសោធន៍កន្លងមក ប្រភេទចំណី ដែលត្រូវផ្ដល់ឱ្យអន្ទង់ស៊ីរួមមានត្រី ឬខ្យង ដែលចាប់តាមវាលស្រែ បឹង... និងលាយជា មួយនឹងកន្ទក់ទៅតាមដំណាក់កាលនីមួយៗ។
នៅខែទីមួយ ៖ ប្រភេទចំណីអន្ទង់ ប្រើ ប្រភេទត្រីគុណភាពទាបស្រុសជាមួយទឹក ក្ដៅ ឬខ្យងឆៅចិញ្ច្រាំដាក់ឱ្យអន្ទង់ស៊ី ។
ចាប់ពីខែទីពីរ ៖ ប្រភេទចំណីអន្ទង់ប្រើ កាកសំណល់ត្រីស្រុសជាមួយទឹកក្ដៅ ឬខ្យង ឆៅចិញ្ច្រាំ និងលាយជាមួយកន្ទក់ក្នុងអត្រា មធ្យមត្រី ឬខ្យង៧០ភាគរយ និងកន្ទក់៣០ ភាគរយ ។ កាកសំណល់ត្រីក្នុងសមាសធាតុ ផ្សំចំណីមិនអាចខ្វះបានទេ តែខ្យង និងកន្ទក់ អាចខ្វះបាន ។ ប៉ុន្ដែការលាយផ្សំចំណីចូល គ្នារវាងត្រី និងកន្ទក់ត្រូវបានប្រើញឹកញាប់ ព្រោះងាយឱ្យអន្ទង់ធំធាត់កាត់បន្ថយប្រាក់ ចំណាយ និងអាចទទួលបានប្រាក់ចំណេញ ច្រើន ។
ខ-ចរិតស៊ីចំណី
អន្ទង់ជាប្រភេទសត្វដែលមានជីវិត
ក្រាំង ។ នៅក្នុងធម្មជាតិចាប់ពីខែមករា ដល់ ខែមីនា អន្ទង់បានចំណាយពេលវេលា “ជីវិត ក្រាំង” នៅក្នុងដីដោយប្រើប្រាស់អាហារបំរុង ដែលមាននៅក្នុងខ្លួន ។ ហេតុដូច្នេះហើយ អន្ទង់ដែលបានពីធម្មជាតិយកមកចិញ្ចឹមនៅ អំឡុងពេលខែមករា ដល់ខែមីនា អន្ទង់ក៏មិន ស៊ីចំណីដែរ ប៉ុន្ដែក៏មិនស្រកទម្ងន់របស់វាទេ។ ទោះបីអន្ទង់ជាប្រភេទសត្វដែលមានភាពធន់ នឹងគុណភាពទឹកកខ្វក់ ប៉ុន្ដែវាអាចទ្រាំបាន ក្នុងកំរិតណាមួយតែប៉ុណ្ណោះ ។ ជាក់ស្ដែង ក្នុងការចិញ្ចឹមកន្លងមកនៅពេលដែលទឹក ចាប់ផ្ដើមស្អុយខ្លាំង អន្ទង់បន្ថយកំរិតស៊ីចំណី ដែលពេលនោះទាមទារឱ្យផ្លាស់ប្ដូរទឹកដី បើ មិនដូច្នេះទេវាអាចកើតមានជំងឺ និងត្រូវងាប់។
មួយខែក្រោយ ចាប់ផ្ដើមពីពេលដែល អន្ទង់ចាប់ស៊ីចំណី (ករណីពូជអន្ទង់ចំនួន៥០ គីឡូក្រាម មានចំនួនមធ្យម១.០០០ក្បាល) ចំណីត្រូវផ្ដល់ មានចំនួន២គីឡូក្រាម ក្នុងមួយ ថ្ងៃចាប់ពីខែទីពីរ បរិមាណចំណីកើនដល់៣ គីឡូក្រាម ក្នុងមួយថ្ងៃ ។
តាមការកត់សំគាល់បង្ហាញថា ២ទៅ៣ថ្ងៃ មុនពេលដល់កំរិតត្រូវផ្លាស់ប្ដូរទឹក ការស៊ីចំណីរបស់អន្ទង់បានថយចុះពី១៥ភាគរយទៅ២០ភាគរយ ហើយនៅពេលដែលផ្លាស់ប្ដូរទឹក រួចក្នុងរយៈពេលបីថ្ងៃ អន្ទងមិនស៊ីចំណីទេ ។ នៅរដូវរងា (ពីខែកក្ដិក ដល់ខែបុស្ស) អន្ទង់មិនសូវស៊ីចំណីទេ គឺថយចុះពី១៥ភាគរយទៅ២០ភាគរយដែរ ។
អន្ទង់មិនមែនជាសត្វដែលត្រូវស៊ីចំណីជា ប្រចាំទេ រយៈពេល២-៣ថ្ងៃ ទើបវាស៊ីចំណី ម្ដង ដូចករណីសត្វពស់ថ្លាន់ដែរ ។ តាមការ ពិនិត្យឃើញជាក់ស្ដែង ពេលផ្ដល់ចំណីរៀង រាល់ថ្ងៃ គឺអន្ទង់បានផ្លាស់ប្ដូរវេនគ្នាមកស៊ី ចំណី មិនមែនអន្ទង់ក្នុងអាងចិញ្ចឹមទាំងអស់ មកស៊ីចំណីព្រមគ្នាទេ ។ អន្ទង់ជាប្រភេទសត្វ ស៊ីសាច់ជាអាហារ ដូច្នេះអន្ទង់ធំអាចស៊ីអន្ទង់ តូចជាអាហារបាននៅពេលវាឃ្លានខ្លាំង ជា ហេតុបណ្ដាលឱ្យមានការបាត់បង់ចំនួនអន្ទង់ រួមផ្សំនឹងការបាត់បង់ដោយជំងឺ ឬស្លាប់ដោយ កត្ដាផ្សេងៗ ។
បទពិសោធន៍របស់កសិករខឹម សារិទ្ធ បានបង្ហាញថា កូនអន្ទង់ដែលចាប់ពីធម្មជាតិ យកមកដាក់ចិញ្ចឹមរយៈពេលមួយសបា្ដហ៍ ទើបចាប់ផ្ដើមស៊ីចំណីដោយប្រើចំណីចំនួន២ គីឡូក្រាម ក្នុងមួយថ្ងៃ អស់រយៈពេលមួយខែ ទើបបង្កើនបរិមាណចំណីដល់ចំនួន៣គីឡូ ក្រាម ក្នុងមួយថ្ងៃ (ករណីកូនអន្ទង់ចំនួន៥០ គីឡូក្រាម មានចំនួនមធ្យម១.០០០ក្បាល) ហើយការចិញ្ចឹមអន្ទង់នេះ ជាទូទៅចាប់ផ្ដើម នៅខែសីហា ហើយប្រមូលផលនៅខែមីនា ដែលមានរយៈពេល៨ខែ ។
គ-ពេលវេលាផ្ដល់ចំណី
ពេលល្ងាចជាពេលវេលាល្អសំរាប់ការផ្ដល់ ចំណី ។ នៅពេលទឹកក្នុងអាងឡើងស្អុយ និង នៅពេលផ្លាស់ប្ដូរទឹកភ្លាមៗ អន្ទង់មិនស៊ីចំណី ទេ ក្រោយរយៈពេលបីថ្ងៃទើបអន្ទង់ចាប់ស៊ី ចំណី ព្រោះនៅពេលប្ដូរទឹកភ្លាមអន្ទង់ សប្បាយនឹងទឹកថ្មី ។
ឃ-របៀបផ្ដល់ចំណី
យើងមិនត្រូវដាក់ចំណីអន្ទង់ដោយបោះ ចូលទៅក្នុងទឹកផ្ទាល់ទេ គឺត្រូវរៀបចំឱ្យមាន កញ្ច្រែងព្យួរប៉ប្រ៉ះផ្ទៃទឹក ។ នៅពេលផ្ដល់ ចំណីយើងគ្រាន់តែដាក់ចំណីនៅលើកញ្ច្រែង ហើយចងព្យួរប៉ប្រ៉ះទឹកជាការស្រេច ពេល នោះកូនអន្ទង់នឹងងើបមកស៊ីចំណី ដោយខ្លួន ឯង ។ ចំពោះទំហំអាងរៀបរាប់ខាងលើគួរ ដាក់កញ្ច្រែងចំណីឱ្យបានយ៉ាងតិចបីកន្លែង ផ្សេងៗគ្នា ។
៨-ការតាមដានគុណភាពទឹក និងការ ផ្លាស់ប្ដូរទឹក
ការតាមដានសំរាប់ការផ្លាស់ប្ដូរទឹកមាន លក្ខណៈងាយស្រួលគឺតាមរយៈអន្ទង់បន្ថយ ស៊ីចំណី ។ ទឹកស្អុយពេកអន្ទង់មិនស៊ីចំណីទេ ។ ដូច្នេះវាជាសញាបង្ហាញឱ្យយើងត្រូវធ្វើការផ្លាស់ប្ដូរទឹក ។ ការផ្លាស់ប្ដូរទឹកជាទូទៅ គឺនៅរៀងរាល់១០ថ្ងៃម្ដង ដោយបង្ហូរតាម បំពង់ទឹកដែលបានរៀបចំរួចជាស្រេច ។
៩-ជំងឺអន្ទង់
តាមបទពិសោធន៍កន្លងមក អន្ទង់ចិញ្ចឹម នៅអំឡុងខែមករា កុម្ភៈ និងមីនា ភាគច្រើន សង្កេតឃើញមានកើតដំបៅ តែក៏មិនទាន់ មានការសន្និដ្ឋានថា អន្ទង់កើតមានជំងឺដោយ ការប្រែប្រួលអាកាសធាតុ ឬការប៉ះទង្គិចគ្នា ឬខាំគ្នា ។ ការព្យាបាល គឺប្រើដើមត្រស់កាត់ជាកង់ៗត្រាំទៅក្នុងទឹក ដើម្បីឱ្យចេញជ័រខ្មៅៗរយៈពេល១៥-២០ថ្ងៃនឹងឃើញអន្ទង់បានជាសះស្បើយវិញ ។
១០-ការប្រមូលផល
ដូចបានរៀបរាប់ខាងលើរយៈពេលចិញ្ចឹម អន្ទង់មានពី៦-៨ខែ ។ ដោយសារនៅរដូវ ប្រាំងក្នុងចន្លោះពេលពីខែមករា ដល់ខែមីនា អន្ទង់ត្រូវរស់នៅក្នុងជីវិតក្រាំងក្នុងដីដែល ធ្វើឱ្យលំបាកក្នុងការនេសាទ ដូច្នេះក្នុងចន្លោះ ពេលនេះ អន្ទង់មានតម្លៃខ្ពស់ជាងគេ ជារៀង រាល់ឆ្នាំ ។ ដូចនេះ ការប្រមូលផលអន្ទង់ ចិញ្ចឹមភាគច្រើនស្ថិតក្នុងខែមករា កុម្ភៈ និង ខែមីនា ។
១១-ការវិភាគសេដ្ឋកិច្ច
ក្នុងការសិក្សាផលចំណេញនេះ យើងខ្ញុំ សូមលើកមកវិភាគមិនត្រឹមតែលើប្រាក់ចំណូលទេគឺថែមទាំងលើទិដ្ឋភាពផ្សេងៗ ទៀត ដែលនឹងមានរៀបចំក្នុងចំណុចសន្និ ដ្ឋាន ។ ការវិភាគប្រាក់ចំណេញលើករណីចិញ្ចឹមរបស់កសិករខឹម សារិទ្ធ នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ។
ការគណនាបរិមាណចំណី
ករណីសិក្សាកូនអន្ទង់ពូជចំនួន៥០គីឡូ ក្រាម មានចំនួនមធ្យម១.០០០ក្បាល ហើយ រយៈពេលចិញ្ចឹម៨ខែ មានចំនួន២៤០ថ្ងៃ (ពី ខែសីហា ដល់ខែមីនា) ។
រយៈពេលដែលអន្ទង់មិនស៊ីចំណី ៖ សរុប ១៣៩ថ្ងៃ
-ក្រោយពេលដាក់កូនអន្ទង់ អន្ទង់មិនស៊ី ចំណីមាន៧ថ្ងៃ
-នៅខែទី១ អន្ទង់មិនស៊ីចំណីមាន៦ថ្ងៃ
-ចាប់ពីខែទី២ដល់ទី៨ អន្ទង់មិនស៊ីចំណី មាន១២៦ថ្ងៃ
រយៈពេលដែលអន្ទង់ស៊ីចំណីថយចុះ
-នៅខែទី១ មានចំនួន៦ថ្ងៃ ដែលមាន អត្រាផ្ដល់ចំណីតែ១,៦៥គីឡូក្រាម ក្នុងមួយ ថ្ងៃ
សរុបបរិមាណចំណី៦ថ្ងៃ ខ ១,៦៥គីឡូ ក្រាម = ៩,៩គីឡូក្រាម (ត្រី ឬខ្យងសុទ្ធ)
-នៅខែទី២ ដល់ទី៥ មានចំនួន៣៦ថ្ងៃ ដែលមានអត្រាផ្ដល់ចំណីតែ២,៥គីឡូក្រាម ក្នុងមួយថ្ងៃ
សរុបបរិមាណចំណី៣៦ថ្ងៃ ខ ២,៥គីឡូ ក្រាម = ៩០គីីឡូក្រាម (ត្រី ឬខ្យងចំនួន ៦៣គីឡូក្រាម និងកន្ទក់ចំនួន២៧គីឡូក្រាម)
រយៈពេលដែលអន្ទង់ស៊ីចំណីពេញលេញ
-នៅខែទី១ មានចំនួន១១ថ្ងៃ ដែល អត្រាផ្ដល់ចំណីមាន២គីឡូក្រាម ក្នុងមួយថ្ងៃ
សរុបបរិមាណចំណី១១ថ្ងៃ ខ ២គីឡូ ក្រាម = ២២គីឡូក្រាម (ត្រី ឬខ្យងសុទ្ធ)
-នៅខែទី២ ដល់ទី៥ មានចំនួន៤៨ថ្ងៃ ដែលអត្រាផ្ដល់ចំណី៣គីឡូក្រាមក្នុងមួយថ្ងៃ
សរុបបរិមាណចំណី៤៨ថ្ងៃ ខ ៣គីឡូ ក្រាម = ១៤៤គីឡូក្រាម (ត្រី ឬខ្យងចំនួន ១០០,៨គីឡូក្រាម និងកន្ទក់ចំនួន៤៣,២ គីឡូក្រាម)
ដូច្នេះការចិញ្ចឹមរយៈពេល៨ខែ អន្ទង់ ត្រូវការបរិមាណចំណីចំនួន២៦៥,៩គីឡូ ក្រាម ក្នុងនោះត្រី ឬខ្យងចំនួន១៩៥,៧គីឡូ ក្រាម និងកន្ទក់ចំនួន៧០,២គីឡូក្រាម ។
ការវិភាគសេដ្ឋកិច្ច
ចំណាយ
-ពូជអន្ទង់ ចំនួន៥០គីឡូក្រាម ខ ៤.៥០០ រៀល = ២២៥.០០០រៀល
-ត្រី ឬខ្យង ចំនួន១៩៥,៧គីឡូក្រាម ខ ១.៥០០រៀល = ២៩៣.៥៥០រៀល
-កន្ទក់ ចំនួន៨២,៨គីឡូក្រាម ខ ៧៥០រៀល = ៥២.៦៥០រៀល
សំភារសាងសង់អាងចំនួន១៥០.០០០ រៀល (ប្រើបានរយៈពេល២ទៅ៣ឆ្នាំ)
សរុបចំណាយ៧២១.២០០រៀល
ចំណូល
អន្ទង់ពេលប្រមូលផលមានចំនួន១០០ គីឡូក្រាម បានន័យថា កើនមួយជាពីរ ព្រោះ ពេលដាក់ចិញ្ចឹមអន្ទង់មានទម្ងន់សរុប៥០គីឡូ ក្រាម ។ តម្លៃលក់ចេញជាមធ្យម១២.០០០ រៀល ក្នុង១គីឡូក្រាម បានន័យថា កើនជាង ២,៥ដង ដូច្នេះប្រាក់ចំណូលគឺ ១០០គីឡូ ក្រាម ខ ១២.០០០រៀល = ១.២០០.០០០ រៀល
ចំណេញ
១.២០០.០០០រៀល-៧២១.២០០
រៀល = ៤៧៨.៨០០រៀល
១២-ការសន្និដ្ឋាន
ឆ្លងតាមបទពិសោធន៍អស់រយៈពេលបួន ឆ្នាំនៃការចិញ្ចឹមអន្ទង់នេះ និងតាមការវិភាគ ផលសេដ្ឋកិច្ច យើងខ្ញុំសូមធ្វើការសន្និដ្ឋានដូច ខាងក្រោម ៖
-ចំពោះប្រជានេសាទ កូនអន្ទង់ពូជអាច រកបានដោយខ្លួនឯង និងលក់បានតម្លៃថោក តែនៅពេលដែលគាត់ដាក់ចិញ្ចឹមបំប៉នបន្ថែម នោះ តម្លៃ និងទម្ងន់ត្រូវកើនជាពីរ ឬបីដង ។
-រូបភាពនៃការចិញ្ចឹមមានលក្ខណៈងាយ ដែលអាចទទួលយកទៅអនុវត្ដបន្ដបាន
-ផ្ដល់ការងារដល់សមាជិកគ្រួសារ ជា ពិសេសស្ដ្រីក៏អាចធ្វើការងារនេះបានដែរ
-ផ្ទៃដី និងពេលវេលាទំនេរត្រូវបានប្រើ និងក្លាយជាប្រាក់ចំណូល
-បង្កើនបទពិសោធន៍វិជ្ជាជីវៈ និងអាច ក្លាយជាគ្រូបង្គោលក្នុងសកម្មភាពអភិវឌ្ឍន៍ វារី-វប្បកម្ម
-ប្រើប្រាស់ត្រីដែលមានគុណភាពទាបឱ្យ ក្លាយទៅជាសាច់សត្វមានតម្លៃខ្ពស់
-ប្រើប្រាស់សំភារដែលមិនមាន ប្រយោជន៍សេដ្ឋកិច្ចមកជាមធ្យោបាយបង្កើន ប្រាក់ចំណូល
-បង្កើនប្រាក់ចំណូលលើកស្ទួយសេដ្ឋកិច្ច គ្រួសារ ។
ដូច្នេះយើងខ្ញុំសូមសំណូមពរដូចខាងក្រោម ៖
-ប្រជាកសិករ ត្រូវសាកល្បងចិញ្ចឹម អន្ទង់តាមមេរៀនដូចបានរៀបរាប់ខាងលើ ដោយប្រើប្រាស់ធនធានដែលនៅជុំវិញឱ្យ មានតម្លៃ និងបង្កើនប្រាក់ចំណូល ។
-មន្ដ្រីជំនាញជលផលទាំងអស់ ត្រូវរួម គ្នាស្រាវជ្រាវលើការភ្ញាស់កូនអន្ទង់ ដើម្បី បំពេញតម្រូវការចិញ្ចឹមកាត់ បន្ថយការចាប់ពី ធម្មជាតិ ៕



  • Blogger Comments
  • Facebook Comments

1 comments:

Item Reviewed: បច្ចេកទេសនៃការចិញ្ចឹមអន្ទង់ Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top