ក្រុងសិង្ហបុរីៈ ក្រុមហ៊ុន Temasek Holdings Pte និងក្រុមហ៊ុន GIC Pte ដែលជាក្រុមហ៊ុនវិនិយោគរបស់រដ្ឋសិង្ហបុរី និងជាវិនិយោគិនក្នុងក្រុមហ៊ុន Alibaba Group Holding Inc អស់រយៈពេលជាយូរមកហើយនោះបានរួមគ្នាទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំរបស់ចិនមួយនេះបន្ថែមទៀត ក្នុងតម្លៃសរុប ១ ពាន់លានដុល្លារពីក្រុមហ៊ុន SoftBank Group Corp។
ការទិញយកភាគហ៊ុននេះនឹងបង្កើនការកាន់កាប់ភាគហ៊ុនរបស់ ក្រុមហ៊ុនទាំងពីរនៅក្នុងក្រុមហ៊ុន Alibaba Group។ ក្រុមហ៊ុន Temasek និងក្រុមហ៊ុន GIC គឺជាវិនិយោគិនដំបូងក្នុងក្រុមហ៊ុន Alibaba ព្រមទាំងកាន់កាប់ភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដែល កំពុងទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។ ក្រុមហ៊ុន SoftBank របស់ជប៉ុនកំពុងលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេរបស់ចិនមួយនេះជាលើក ដំបូងក្នុងរយៈពេល ១៦ ឆ្នាំ។
លោក Margaret Yang អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន CMC Markets នៅប្រទេសសិង្ហបុរីបានឲ្យដឹងថា៖ «ការទិញយកភាគហ៊ុននេះបង្ហាញថាក្រុមហ៊ុន GIC និងក្រុមហ៊ុន Temasek នៅតែមានទំនុកចិត្តចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន និងកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យានៅប្រទេសនេះ»។ លោកបានបន្តថា៖ «វានឹងបង្កើនផលប្រយោជន៍ជាតិរបស់ប្រទេសសិង្ហបុរីក្នុងពាណិជ្ជកម្ម តាមអ៊ីនធឺណិតនៅប្រទេសចិន និងនៅតំបន់អាស៊ីអាគ្នេយ៍»។
ក្រុមហ៊ុនវិនិយោគរបស់រដ្ឋសិង្ហបុរីទាំងពីរនេះនឹងចំណាយម្នាក់ៗ ៥០០ លានដុល្លារស្មើនឹង ៧៤ ដុល្លារក្នុងមួយហ៊ុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Alibaba។ ក្រុមហ៊ុននីមួយៗនឹងទទួលបានភាគហ៊ុនថ្មីម្នាក់ ៦,៧៦ លានហ៊ុន។
យោងតាមទិន្នន័យដែលទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុន Temasek កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba នៅអាមេរិកចំនួន ៤៨,៦ លានហ៊ុនរួចហើយ។ ចំណែកឯក្រុមហ៊ុន GIC វិញគឺជាវិនិយោគិនជាយូរមកហើយចាប់តាំងពីមុនការបោះផ្សាយលក់ មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុនចិនមួយនេះមកម្ល៉េះ។ នេះបើយោងតាមប្រភពដែលបានដឹងពីប្រតិបត្តិការទិញភាគហ៊ុននេះ និងបានស្នើសុំមិនបង្ហាញអត្តសញ្ញាណដោយហេតុផលសម្ងាត់។
ក្រុមហ៊ុន GIC កាន់កាប់ភាគហ៊ុន ៦០ លានហ៊ុនតម្លៃ ៤៨២ លានដុល្លារនៅក្នុងក្រុមហ៊ុន AAC Technologies ដែលជាក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេងខ្នាតតូច និងឧបករណ៍ទទួលទិន្នន័យសម្រាប់ទូរស័ព្ទចល័តរបស់ចិន៕ BP
0 comments:
Post a Comment