Landscape Photography
ការថតរូបបែបទេសភាព គឺជាដំណាក់កាល ដំបូងនៃការរៀនថតរូប ហើយវាជាការសាកល្បងដ៏ល្អមួយដែរ តែលទ្ធផលតែងតែមិនបានគាប់ចិត្តនោះទេ។
ជាការពិតណាស់ អ្នកខ្លះគ្រាន់តែឃើញ ទេសភាព វាលស្រែវាលស្រូវ ព្រៃភ្នំ ផ្ទៃទឹក មើលទៅហាក់ដូចជាស្អាតណាស់ ហើយទាញយកម៉ាស៊ីនថតមកថត ខ្លះក៏បានល្អគាប់ចិត្ត ខ្លះទៀតក៏មិនបានដូចការគិត។ ទាំងនេះក៏ដោយសារចិត្តស្រើបស្រាលតែទៅលើទេសភាព ច្រើនជាងតាំងអារម្មណ៍ឲ្យស្ងប់ ហើយផ្ចង់ស្មារតីដើម្បីផ្ដិតយករូបភាព។ ហាក់បីដូចជាខុសគ្នាពីការថតបែប Portrait ដែលប្រើបច្ចេកទេសថត ឬគ្រប់គ្រងម៉ាស៊ីនថតទាំងស្រុង ក៏ប៉ុន្តែការថតរូប Landscape ត្រូវប្រើអារម្មណ៍ដឹងន និងស្ងប់ស្ងៀមណាស់ដែរ។
ការថតរូប Landscape គឺគ្មានវត្ថុបំណងច្បាស់លាស់មួយៗនោះទេ រូបថតបែបនេះ គឺបង្ហាញឲ្យឃើញពីទេសភាព ទីកន្លែងបែបធំទូលាយៗ មានពណ៌ធម្មជាតិ ពេលមើលទៅគឺដក់អារម្មណ៍ជាប់ទៅតាមរូបភាពនោះៗ។ ហើយរូបថតដែលមើលទៅស្អាតជាងការមើលទិដ្ឋភាពដោយភផ្ទាល់ភ្នែកនោះជារឿងធម្មតាតែបើរូបអន់ជាងការមើលភ្នែកទទេ គឺជាបញ្ហាអ្នកថតរូប។
ប្រាប់ពីទិដ្ឋភាពអ្វីមួយ
ប្រៀបបានដូចជា ប្រលោមលោកមួយរឿងអញ្ចឹង គឺរៀបរាប់ពីទិដ្ឋភាពទាំងមូលឲ្យអ្នកមើលស្លុងអារម្មណ៍ ហើយដក់ជាប់ដូចជាខ្លួនកំពុងនៅក្នុងទិដ្ឋភាពបែបនោះមែនទែន។ ឧទាហណ៍៖ ខ្ញុំកំពុងឈរមើលថ្ងៃលិច ដែលមានពន្លឺចាំងច្រាលក្រហមឆ្អៅពេញមេឃ រស្មីនៃព្រះសូរិយា កំពុងរចនាដុំពពកឲ្យលេចជារូបរាងផ្សេង ប្រៀបបានដូចជាផ្ទាំងគំនូរ។ បច្ចិមទិនករដ៏មានពន្លឺស្រាលទៅៗ បាននាំស្រមោលខ្មៅនៃទេសភាពផែនប្រឹថពី បង្ហាញជាទស្សនីយភាពរស់រវើក។ រុក្ខា បុព្វតា វាលស្រែវាលស្រូវ សុទ្ធសឹងជាទម្រង់សិល្បល្ខោនស្រមោលដែលចូលមកកំដរអារម្មណ៍អ្នកដែលចូលចិត្តទស្សនា។ នេះជាការរៀបរាប់ពីរូបភាពមួយសន្លឹកដែលអ្នកបានឃើញ វាបានប្រលោមចិត្តអ្នកមើលឲ្យលុងទៅតាមការពណ៌នាដ៏ប៉ិនប្រសព្វ។
និយាយថា អរុណសួស្ដី ឬសាយណ្ហសួស្ដី
មើលមួយខណៈវាហាក់ដូចជារឿងផ្សេង ក៏ប៉ុន្តែវាជាចំនុចសំខាន់មួយដែរ នៃរូបទេសភាព។ ពេលព្រឹកថ្ងៃរះ ពេលល្ងាចថ្ងៃលិចជារឿងធម្មតា ហើយរូបថ្ងៃលិច និងថ្ងៃរះវាក្លាយជារូបសមញ្ញទៅហើយ បើទោះបីមនុស្សមិនសូវដែលឃើញទិដ្ឋភាពជាក់ស្ដែងក៏ដោយ។ ដូច្នេះតើអ្នកត្រូវនិយាយអរុណសួស្ដី ឬសាយណ្ហសួស្ដីដោយរូបភាពបែបណាទើបគេចាប់អារម្មណ៍ និងប្លែកភ្នែក ដក់ជាប់ក្នុងចិត្ត ហើយមានមនោសញ្ចេតនាទៅតាមនោះដែរ។ វាអាចគ្រាន់តែជាពន្លឺដែលជះច្រាលទៅលើដើមឈើ ឬក៏ព្រៃ ឬភ្នំខ្ពស់ៗជាដើម ហើយមានសកម្មភាពមនុស្សសត្វផងដែលមានលក្ខណៈធម្មជាតិសុទ្ធសាធ។
មិនចាំបាច់ឥតខ្ចោះពេកក៏បាន
ពេលខ្លះអ្នកគ្រាន់តែថតរូបនៅកន្លែងណាមួយយកមកទុកមើល ឬបង្ហាញគេ ដោយបរិយាកាសនៅទីនោះមិនល្អសម្រាប់ការថតរូប ពន្លឺមិនគ្រប់ គ្មានអ្វីសោះ។ អ្នកប្រហែលរារែកចិត្តក្នុងការថតរូបមិនខាន។ ព្យាយាមតាមតែអាចធ្វើទៅបានកុំស្មុកស្មាញក្នុងចិត្ត ព្រោះអាចឲ្យអ្នកគ្មានអារម្មណ៍ល្អនៅពេលថត គ្រាន់តែដឹងថាតែអ្នកចង់ថតអ្វីតែប៉ុណ្ណោះ។
ដូចរូបផ្ទះមួយដែលខ្ញុំបានថត នៅពេលដែលថ្ងៃលិចបាត់ ហើយពន្លឺកាន់តែខ្សោទៅ ប៉ុន្តែទិដ្ឋភាពទីនោះបានធ្វើឲ្យខ្ញុំនឹកដល់រឿងមួយដែលខ្ញុំធ្លាប់ឆ្លងកាត់កាលពីអតីតកាល។ មើលទៅវាគ្មានអ្វីដែលស្អាតនោះទេគ្រាន់តែជាទិដ្ឋភាពដីភូមិមួយដែលមានផ្ទះ ព័ទ្ធជុំវិញដោយដំណាំ នាពេលក្បាលព្រលប់ប៉ុណ្ណោះ។
មើលអ្វីៗដែលនៅជុំវិញ
ពេលខ្លះអ្នកប្រហែលជាមើលរំលងទេសភាពដែលមាននៅជុំវិញខ្លួន ព្រោះអាល័យតែជំពាក់ចិត្តទៅនឹងអ្វីដែលអ្នកគិតថាវាស្អាត ល្អ គួរឲ្យចាប់អារម្មណ៍ ហើយស្រវាទៅរកទីនោះភ្លាម។ ពេលខ្លះអ្នកអាចនឹងថតយករូប ដែលគេធ្លាប់ថតរាប់សិបដងមកហើយ កន្លែងដដែលៗ តើមានអីពិសេសជាគេទៅ? វាពិតជាពិសេស បើអ្នកអាចរកទិដ្ឋាភាពដែលគេមិនធ្លាប់បានប្រទះឃើញ។
ប្រសិនអ្នកក្រឡេកមើលនៅជុំវិញអ្នក ពេលដែលអ្នកឈរនៅក្បែរមាត់ទឹក ឬកណ្ដាលវាលស្រែ ឬរមណីយដ្ឋាន សួនឧទ្យានណាមួយ ហើយសម្លឹងមើលឲ្យហ្មត់ចត់ដោយចិត្តមិនទម្រើសនោះអ្នកនឹងក្លាយជាឆ្នៃប្រឌិតរូបថតដ៏ជំនាញ។ ឧទាហណ៍ថា អ្នកកំពុងដើក្នុងសួនមួយ អ្នកគួរចាប់អារម្មណ៍លើ ដើមឈើដែលនៅអមតាមផ្លូវ មើលទៅដូចជាដងវិថីដែលប្រក់ដោយដំបូលរុក្ខា។ អ្នកដើរទៅដល់មាត់ទឹក ចៃដន្យអីក៏មានគូស្នេហ៍មួយគូអង្គុយមើលទេសភាពដោយបែរមុខទៅរកខាងផ្ទៃទឹក ក្នុងទឹកមានក្ងានបី-បួនកំពុងបណ្ដែតខ្លួន ឆ្លុះស្រម៉ោលទៅក្នុងទឹកថ្លាយុង តើអ្នកនឹងដើរឲ្យហួស ឬស្រវាម៉ាស៊ីនថតមកផ្ដិតយករូបទាំងនេះ? ព្រោះអ្នកមិនមានបំណងទាល់តែសោះ។ មួយវិញទៀត ទៀតបើអ្នកជាអ្នកថតរូបដែលមិនចេះសង្កេតជុំវិញខ្លួនសោះ គួបផ្សំនឹងចរិតរាឆ្មើងឆ្មៃពីធម្មជាតិផងនោះ អ្នកនឹងមើលមិនឃើញអ្វីទាំងនោះឡើយ។ មានថ្ងៃមួយខ្ញុំបានទៅដល់សាលាស្រុកអង្គរបុរី ដែលនៅជាប់មានស្ទឹង ខ្ញុំក្រឡេកទៅត្រើយម្ខាងនៃទន្លេស្រាប់តែឃើញសាលារៀនសង់នៅជាមាត់ទឹក ដោយមានចិត្តចងថតខ្ញុំកាន់ទូរសព្ទដៃមួយមានកាមេរ៉ាថតដើរទៅ ជួនជាមានដើមឈើ(ដើមស្ដៅ)មួយដុះអែបច្រាំងខាងខ្ញុំឈរ ហើយក៏ថតយករូបនោះបានមកល្មមអាចប្រើការបាន។
រៀបចំគម្រោង
អ្នកថតរូបទេសភាព (Portrait Photographer) ត្រូវរៀបចំគម្រោងរបស់ខ្លួនឲ្យបានច្បាស់លាស់ថា ត្រូវថតអ្វីនៅកន្លែងណា ពេលណា មានរូបអ្វីខ្លះ។ ចំនុចនេះប្រហែលត្រូវការស្រមើស្រមៃច្រើនបន្តិច និងមានភាពច្បាស់លាស់ក្នុងការស្មានពន្លឺផងដែរ។ អ្នកចង់ថតរូបពេលព្រឹកថ្ងៃរះ ឬពេលល្ងាចថ្ងៃលិច ត្រូវចំណាំថា ក្នុងរដូវណា អាកាសធាតុបែបណា ពេលណាថ្ងៃរះឡើងមានពន្លឺស្រស់ស្អាត។ ជាមួយគ្នានោះអ្នកក៏ត្រូវត្រៀមសម្ភារៈដូចជា កញ្ចក់ការពារពន្លឺថ្ងៃ (Filter) ជើងទម្រកាមេរ៉ា (Tripod) Lens សម្រាប់ថតទេសភាព (24-105 mm…) ជាដើម។
អ្នកថតរូបបច្ចុប្បន្នគេកំពុងប្រើកម្មវិធីជំនួយក្នុងការព្យាករពន្លឺ និងដំណើរនៃព្រះអាទិត្យ និងព្រះច័ន្ទ ហើយកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់សម្រាប់ថត។
វាជួយឲ្យអ្នកថតរូបងាយស្រួលក្នុងការជ្រើសទីតាំង ពេលវេលាមុនពេលចេញថត កុំឲ្យមានការខកខានដោយសារខ្វះពន្លឺ ឬមានភាពយឺតយ៉ាវ។
កុំព្យាយាមផាត់ពណ៌ទេសភាពដោយកាមេរ៉ា
រូបភាពដែលថត អ្នកអាចយកមកកែប្របន្ថែមទៀតបានតាមដែលត្រូវការ ប៉ុន្តែអ្នកមិនអាចកែកុនរូបដែលកែប្រែម្ដងរួចមកហើយឲ្យដូចធម្មជាតិបានទេ។ អ្នកថតរូបគូរតែរក្សាទម្រង់ដើមពីធម្មជាតិសុទ្ធសាធរបស់រូបនីមួយៗ ល្អជាងធ្វើឲ្យរូបទាំងនោះប្លែកពីប្រក្រតី។ អ្នកខ្លះនិយមប្រើ Filters (x10 ND) សម្រាប់ធ្វើថតទឹក ឬពពកឲ្យមើលទៅឃើញស្អិតជាប់គ្នារលោងស្អាត ហើយមានពណ៌ប្លែកពីធម្មជាតិ។
រូបភាពដែលឆ្លុះ
ដើមឈើដុះនៅមាត់ទឹក បើយើងឈរពីត្រើយម្ខាងមើលទៅ ឃើញវាឆ្លុះរូបទីនឹងទឹក ដែលបង្ហាញពីភាពស្រស់ថ្លា និងស្ងប់ស្ងៀមនៃធម្មជាតិ។
ថ្មី និងប្លែក
ការថតរូបទេសភាព ហាក់ដូចជាមានការពិបាក់ជាង ដោយត្រូវប្រើអារម្មណ៍ និងបច្ចេកទេសថត ប្រៀបបាននឹងអ្នកនិពន្ធ។ ត្បិតតែរូបដែលអ្នកថត គឺថតដោយផ្ទាល់ដៃពិតមែន តែរូបនោះមានគេថតបែបដូចអ្នកច្រើនរាប់មិនអស់មកហើយ មិនខុសអីពីចម្លងគេដដែល។ ដូច្នេះអ្នកគួរច្នៃរូបថតអ្នកឲ្យវាក្លាយជាអ្វីដំបូងគេបង្អស់ មិនធ្លាប់មានពិមុន សូម្បីតែបញ្ចូលចំនុចតូចមួយក្នុងរូបថតក៏សឹងហៅថាថ្មីដែរ ឲ្យតែមើលទៅឃើញប្លែកពីគេ។
0 comments:
Post a Comment