+++វិធីសាស្រ្តធ្វើចំណី-មាន់ ទា ជ្រូក+++
សម្រាប់ អ្នកចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ជាដើម តែងតែជួបប្រទះនូវបញ្ហាលំបាក ក្នុងការផ្តល់ចំណីឲ្យបានគ្រប់គ្រាន់ដល់សត្វដែលគេកំពុងចិញ្ចឹម ។ ជាពិសេសអ្នកចិញ្ចឹមមាន់ ទា ជ្រូក សព្វថ្ងៃស្ទើរតែមិនអាចរកចំណេញបានពីការចិញ្ចឹមសត្វទាំងនោះឡើយ ពីព្រោះតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមានតម្លៃថ្លៃ ចំណីដែលបានផលិតពីរោងចក្រមានតម្លៃខ្ពស់ទាំងនេះ គឺជាការលំបាកមួយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វ ។
ការបោះបង់ចោលរបរចិញ្ចឹមជ្រុក មាន់ ទា នេះ មិនមែនត្រឹមតែដោយសារកត្តាចំណីតែមួយមុខនោះប៉ុណ្ណោះទេ តែក៏វាអាចបណ្តាលមកពីការនាំចូលសត្វទាំងនោះពីប្រទេសជិតខាងផងដែរ ជាពិសេសគឺ ការលួចនាំចូល, ការពុំសូវមានបទពិសោធន៍ក្នុងការចិញ្ចឹម, កត្តាជម្ងឺ, គ្មានប្រាក់សម្រាប់ទិញចំណីផ្តល់ឲ្យវាឲ្យបានគ្រប់គ្រាន់ និងកត្តាតម្លៃក្នុងទីផ្សារមិនអំណោយផលល្អ មិនអាចរកចំណេញបានតាមការចង់បាន ។
បញ្ហាបែបខាងលើនេះមិនមែនមានតែនៅក្នុងប្រទេសយើងប៉ុណ្ណោះទេ ប្រទេសខ្លះទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ ចំណែកដំណោះស្រាយវិញ គឺដំបូងយើងត្រូវរកវិធីដែលអាចផ្គត់ផ្គង់ចំណីឲ្យបានល្អប្រសើរសិន គឺលៃយ៉ាងណាឲ្យការចំណាយទៅលើចំណីនោះអស់តិច តែត្រូវមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងចំណីផលិតច្រកបាវលក់ចេញពី រោងចក្រដែរ ។
យើងខ្ញុំសូមណែនាំពីការប្រើប្រាស់ចំណីប្រភេទខ្លះដែលយើងអាចរកបាន និងផលិតបានដោយខ្លួនឯងមកបង្ហាញ ចំណីទាំងនោះត្រូវបានឆ្លងកាត់ការសាកល្បង និងទទួលបានលទ្ធផលយ៉ាងល្អ ហើយងាយរកបាននៅក្នុងប្រទេសយើងទៀតផង ។
* ឃ្លោក ជាដំណាំងាយដាំ ត្រូវបានគេប្រើសម្រាប់ឲ្យមាន់ ទាស៊ី ដោយកាប់វាជាដុំតូចៗ ស្ងោរវាឲ្យឆ្អិន ពេលស្ងោរដាក់ខ្លាញ់បន្តិចផង ទុកឲ្យត្រជាក់ ដួសដាក់លើរានមួយឲ្យមាន់វាស៊ី យើងក៏អាចឲ្យទាស៊ីបានដូចគ្នា (ននោងក៏អាចប្រើការបាន) ។
* ល្ពៅ គេត្រូវកាត់វាជាដុំតូចៗ ស្ងោរវាទុកឲ្យត្រជាក់ដាក់ឲ្យមេមាន់ ឬកូនមាន់ស៊ីក៏បាន (ទា និងជ្រូក ក៏អាចឲ្យស៊ីបានដែរ) ។ ល្ពៅមានចំនួនប្រូតេអ៊ីនច្រើនដូចគ្នានិងពោត ឬដំឡូងឈើដែរ វាថែមទាំងមានជាតិប្រេងក្នុងនោះរួចជាស្រេចផង ។
* ត្រាវ នៅប្រទេសគុយបា ត្រាវត្រូវបានគេប្រើសម្រាប់ធ្វើជាចំណីឲ្យមាន់ ដោយគេកាត់ត្រាវជាដុំតូចៗ ហាលឲ្យស្ងួត រួចកិនឲ្យម៉ដ្ឋ ត្រូវបានប្រើជំនួសពោត និងអង្ករ ឬកន្ទក់ ។ យើងអាចលាយម្សៅត្រាវនេះចំនួន 15% ក្នុងចំណីមាន់ដែលមានអាយុពី ១ថ្ងៃ ដល់១ខែ ។ ត្រាវត្រូវបានប្រើសម្រាប់លាយបន្ថែមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដោយរួមមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់ខ្លះទៀត ។
អ្នកឯកទេសខាងផ្នែកចិញ្ចឹមមាន់ម្នាក់នៅប្រទេសគុយបាបានឲ្យ ដំបូន្មានថា ដើម្បីឲ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យ គេត្រូវផ្តល់ចំណីឲ្យកូនមាន់ឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យការលូតលាស់ របស់វាបានប្រសើរ ម្យ៉ាងទៀតវាអាចជួយធ្វើឲ្យមាន់ឆាប់ធំជាងធម្មតា ។
អ្នកឯកទេសខាងចិញ្ចឹមជ្រូកនៅប្រទេសហ្វីលីពីនបានរំឭកថា មានមនុស្សច្រើនណាស់មានការយល់ច្រឡំថា ដើម្បីចិញ្ចឹមជ្រូកឲ្យធំធាត់ល្អ គេចាំបាច់ត្រូវប្រើប្រាស់ចំណីផលិតពីរោងចក្រ តែការយល់បែបនេះគឺខុសស្រឡះ ពីព្រោះនៅតំបន់ខ្លះក្នុងប្រទេសហ្វីលីពីន គេមិនអាចរកទិញចំណីជ្រូកផលិតពីរោងចក្របានឡើយ ហេតុនេះអ្នកទាំងនោះបានប្រើប្រាស់រុក្ខជាតិ ដំណាំផ្សេងៗ ធ្វើជាចំណីឲ្យជ្រូក ហើយទទួលបានប្រសិទ្ធភាពដូចគ្នា ។ ចំណីចំបងរបស់ពួកគេ គឺដំឡូងឈើ ស្លឹកដំឡូងត្រូវបានគេកាត់មកហាលថ្ងៃឲ្យស្រពាប់សិនមុនដាក់ឲ្យ ជ្រូកស៊ី ឬដាក់ត្រាំទឹកមានលាយស្ករកាកអំពៅចំនួន ៣ម៉ោង មុនឲ្យជ្រូកស៊ី ចំពោះមើមដំឡូងវិញ គេកាត់ដំឡូងជាកង់ៗដាក់ត្រាំទឹកស្ករទុកផ្តល់ឲ្យជ្រូកស៊ី បន្ទាប់ពីត្រាំវាបានចំនួនយ៉ាងតិច ១សប្តាហ៍ (ត្រាំឲ្យលិច) ឬយូរជាងនេះ។
ឯវិធីមួយទៀតនោះ គឺគេកាត់យកស្លឹកដំឡូងត្រួយខ្ចីៗ រួមទាំងមើមដំឡូងដាក់ស្ងោរវាជាមួយគ្នា ដាក់អំបិលបន្តិច ទុកឲ្យត្រជាក់ទើបលាយជាមួយកាកស្ករអំពៅឲ្យជ្រូកស៊ី អាចជំនួសចំណីរោងចក្របានទាំងស្រុង (អ្នកខ្លះថែមម្សៅត្រីចូល និង Premixed)។
នៅប្រទេសចិន និងប្រទេសវៀតណាម គេប្រើស្លឹកទង និងមើមដំឡូងជ្វាសម្រាប់ការចិញ្ចឹមជ្រូក ដោយដាំវាបណ្តាក់គ្នា។
រូបមន្តជំនួសចំណីរោងចក្រដែលមានប្រសិទ្ធភាព និងចំណាយតិច :
កន្ទក់-មើម ដំឡូង + ស្លឹក + ម្សៅត្រី + អំបិល + ព្រីម៉ិច + ស្ករកាកអំពៅ
(កន្ទក់-មើម ដំឡូង និងស្លឹក ចំនួន 85% , ម្សៅត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រីម៉ិច ចំនួន 2%, ស្ករកាកអំពៅ ចំនួន 2%)៕
(កន្ទក់-មើម ដំឡូង និងស្លឹក ចំនួន 85% , ម្សៅត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រីម៉ិច ចំនួន 2%, ស្ករកាកអំពៅ ចំនួន 2%)៕
ប្រភពពីitcambo.com
0 comments:
Post a Comment