+++វិធីកាន់តែប្រសើរក្នុងការភ្ញាស់ពងត្រីអណ្ដែង+++
អ្នកវិទ្យាសាស្ត្រនៃសេវាកម្មស្រាវជ្រាវកសិកម្ម (ARS) លោក Les Torrans បានចំណាយពេលភាគច្រើននៃវិជ្ជាជីវៈរបស់គាត់នៅតំបន់ដីសណ្ដទន្លេ Mississippi ស្វែងរកវិធីនានាដើម្បីជួយ កសិករទ្រង់ទ្រាយពាណិជ្ជកម្មចិញ្ចឹមត្រីអណ្ដែងបានល្អប្រសើរជាងមុន ឬអភិវឌ្ឍវិធីកាន់តែមានប្រសិទ្ធភាពនៃការផ្ដល់ចំណី និងការប្រមូលផលត្រីអណ្ដែង ។ បច្ចុប្បន្ន ដោយសារឧស្សាហកម្មចិញ្ចឹមត្រីអណ្ដែងរបស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងត្រីនាំពីចូលពីបរទេសមានតម្លៃថោកជាង និងកំណើនតម្លៃផលិតកម្ម និងចំណី លោក Les Torrans ដែលមានមូលដ្ឋាននៅអង្គភាពស្រាវជ្រាវពន្ធុវិទ្យាត្រីអណ្ដែងនៃមជ្ឈមណ្ឌលជាតិវារីវប្បកម្មទឹកក្ដៅ Thad Cochran នៅសាកលវិទ្យាល័យរដ្ឋ Mississippi (MSU) ស្ថិតក្នុងក្រុង Stoneville កំពុងផ្ដោតការយកចិត្តទុកដាក់លើការស្រាវជ្រាវថ្មីនៅវាលដែលគាត់គិតថាអាចផ្ដល់ជំនួយបានខ្លះ ។លោក Les Torrans មានប្រសាសន៍ថា មួយឆ្នាំ ឬពីរឆ្នាំកន្លងទៅនេះ ចំនួនកសិដ្ឋានផលិតត្រីពូជនៅក្នុងតំបន់ដីសណ្ដរបស់គាត់បានធ្លាក់ចុះពី ៣០ មកនៅត្រឹមតែ ១០ ជាងប៉ុណ្ណោះ ។នៅពេលដែលអ្នកចិញ្ចឹមត្រីបានដឹងថា ជាការសំខាន់សម្រាប់កសិដ្ឋានចិញ្ចឹមត្រីអណ្ដែងពាណិជ្ជកម្មក្នុងការបញ្ចូលខ្យល់ទៅក្នុងស្រះចិញ្ចឹម លោក Les Torrans បានផ្ដល់នូវភស្តុតាង ជាបទពិសោធន៍អំពីរបៀបពិតប្រាកដដែលកម្រិតអុកស៊ីសែនមានឥទ្ធិពលលើការផ្ដល់ចំណី និងផលិតកម្មនៅក្នុងស្រះត្រី ។ ការស្រាវជ្រាវរបស់គាត់បានផ្ដល់នូវអនុសាសន៍សម្រាប់ការគ្រប់គ្រងអុកស៊ីសែនថ្មីនៅក្នុងស្រះត្រីដែលអាចសំចៃថាមពល និងបង្កើនផលិតកម្ម ។ថ្មីៗនេះ លោក Les Torrans និងលោក James Steeby នៃសាកលវិទ្យាល័យ MSU បានអភិវឌ្ឍអនុសាសន៍ក្នុងការរំលាយអុកស៊ីសែនជាក់លាក់សម្រាប់កសិដ្ឋានផលិតត្រីពូជ ។ ទិន្នន័យដែលពួកគាត់ប្រមូលបានអំពីពងត្រីអណ្ដែង និងការរំលាយអាហាររបស់កូនត្រីបង្ហាញថា ការប្រែប្រួលនានានៃការញាស់ភាគច្រើនបណ្ដាលមកពីការរំលាយអុកស៊ីសែនមិនបានគ្រប់គ្រាន់នៅក្នុងទឹក ។ បើយោងតាមលោក Les Torrans និងលោក James Steeby ចរន្តទឹកទន់ខ្សោយនៅជុំវិញ និងឆ្លងកាត់បណ្ដុំពងត្រី ជាពិសេសអត្រាផ្ទុកពងខ្ពស់ បង្កើតបានជាបញ្ហាប្រែប្រួលនេះ ។ បច្ចុប្បន្ន លោក Les Torrans កំពុងអនុវត្តជំនាញមេកានិករបស់គាត់ដើម្បីសាងសង់ធុងភ្ញាស់ពងត្រីអណ្ដែងមានអាំងតង់ស៊ីតេខ្ពស់ដែលគាត់ហៅថា «កូនទម្ងន់ (see-saw)» ។ លោក Les Torrans មានប្រសាសន៍ថា ឧបករណ៍នេះនឹងផ្ដល់ការលាយច្របល់នៃអុកស៊ីសែនរលាយល្អប្រសើរសម្រាប់ពងត្រីអណ្ដែងដែលងាយរងគ្រោះ ដោយការលើកទម្លាក់បណ្ដុំពងត្រី ដូចគ្នានឹងការជ្រលក់កញ្ចប់តែនៅក្នុងទឹក បន្ទាប់មកលើកពងទាំងនោះខ្ពស់ផុតពីទឹកមុនពេលជ្រលក់ចូលទៅក្នុងទឹកម្ដងទៀត ។ ឲ្យតែបណ្ដុំពងត្រីនៅសើម ពួកវាអាចផ្លាស់ប្ដូរខ្យល់ជុំវិញស្រោមពងបាន ។ អុកស៊ីសែននៅក្នុងខ្យល់មានច្រើនជាងអុកស៊ីសែននៅក្នុងទឹក ដូចនេះការបង្កើតឧបករណ៍កូនទម្ងន់ថ្មីនេះទាញយកអត្ថប្រយោជន៍នៃការជ្រលក់ទឹកដើម្បីរក្សាសំណើមពងត្រីដែលកំពុងអភិវឌ្ឍ និងប្រើខ្យល់បរិយាកាសដើម្បីផ្គត់ផ្គង់អុកស៊ីសែន ។លោក Les Torrans មានប្រសាសន៍ថា «យើងអាចភ្ញាស់ពងត្រីបានច្រើនជាងពីរដងជាមួយនឹងវិធីកូនទម្ងន់នេះក្នុងទំហំឧបករណ៍ដូចគ្នា និងប្រើប្រាស់ទឹកតែពាក់កណ្ដាលធៀបនឹងវិធីភ្ញាស់រង្វិលស្លាបចាក់ប្រពៃណី (Traditional paddle-wheel method)» ។ លោក Les Torrans បានមានប្រសាន៍បន្ថែមថា «អ្វីដែលយើងឃើញគឺជាឧស្សាហកម្មមួយដែលកំពុងតែមានបញ្ហានៅក្នុងរដ្ឋ Mississippi, Alabama, Arkansas និង Texas ជាទីកន្លែងដែលមានចិញ្ចឹមត្រីអណ្ដែងច្រើនជាង ៩០% របស់អាមេរិក ។ប្រសិនបើយើងអាចទទួលបានអុកស៊ីសែនរលាយកាន់តែច្រើនសម្រាប់ពងត្រីនោះ វានឹងញាស់កាន់តែច្រើន ។ ពិតណាស់ ការណ៍នេះនឹងជំរុញលើកស្ទួយដល់កសិករ ។ យើងត្រូវតែធ្វើឲ្យផលិតកម្មក្នុងស្រុករបស់យើងមានប្រសិទ្ធភាពតាមដែលអាចធ្វើបាន» ។
- ប្រភព៖ គេហទំព័រខ្មែរ ឈូកស អត្ថបទដោយ Chris Guy មន្ត្រីព័ត៌មានរបស់ ARSបកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/Oct 2010)
- www.Iknow.com
- www.Iknow.com
0 comments:
Post a Comment