Latest News

បច្ចេកទេសចិញ្ចឹមសត្វក្រូច

++បច្ចេកទេសចិញ្ចឹមសត្វក្រូច++
មានអ្នកចិញ្ចឹមក្រួចមួយចំនួន បានលះបង់មុខរបរនេះដោយសារតែមិនអាចរកចំណេញបាន តែមានអ្នកផ្សេងដែលចិញ្ចឹមទៅកាក់កប អាចរកចំណូលមកដោះស្រាយជីវភាពក្នុងគ្រួសារ បានយ៉ាងប្រសើរ ។ហេតុអ្វីអ្នកខ្លះអាចចិញ្ចឹមបានផល ឯអ្នកផ្សេងទៀតចិញ្ចឹមមិនបានផលដូចការប្រាថ្នាចង់បាន? ខាងក្រោមអាចជាហេតុផលមួយចំនួនដែល អ្នកចិញ្ចឹមមិនកបហើយលះបង់ចោលមុខរបរនេះវិញ ៖
១) មានចំនួនក្រួចតិច មិនគ្រប់ល្មមអាចឱ្យលក់រកចំណេញបាន
២) មានទុនតិចពេកនិងមិនមានលទ្ធភាពអាចពង្រីកបាន
៣) មិនបានដើររកទីផ្សារ ចិញ្ចឹមបានហើយរំពឹងរង់ចាំគេមកទិញដល់កន្លែង
៤) មិនមានចំណីឱ្យក្រួចស៊ីបានគ្រប់គ្រាន់ ដើម្បីបង្កើនការលូតលាស់របស់វា
៥) មិនមានបច្ចេកទេសចិញ្ចឹមឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យក្រួចងាប់ដោយខ្វះចំណី
៦) មិនមានពេលវេលាសមស្របដើម្បីមើលថែរក្សាក្រួចដែលខ្លួនចិញ្ចឹមឱ្យបានត្រឹមត្រូវ
៧) មិនបានធ្វើអ្វីៗឱ្យបានគ្រប់គ្រាន់ដើម្បីពង្រីកមុខរបររបស់ខ្លួន នៅមានកត្ដាច្រើនទៀត ដែលនាំឱ្យការចិញ្ចឹមក្រួចទទួលបរាជ័យ មិនអាចទាញយកចំណេញបាន ។ វិធីដែលល្អបំផុតដើម្បីចិញ្ចឹមក្រួចឱ្យទទួលបានជោគជ័យទៅបាន នោះគឺអាស្រ័យច្រើនទៅលើទុនដែលយើងមាន និងបំណងដើម្បីពង្រីកមុខរបនេះ ។ បើសិនជាយើងមិនបានរកទីផ្សារឱ្យល្អទេនោះ យើងនឹងជួបការលំបាកច្រើនដើម្បីលក់វាចេញ ព្រោះមិនមែនមានតែក្រួចដែលយើងចិញ្ចឹមនោះទេ មានក្រួចនាំចូលមកពីប្រទេសជិតខាង មានក្រួចចិញ្ចឹមនៅក្នុងស្រុក ឯតម្លៃនោះវិញ ទៀតសោតក៏ជាបញ្ហាមួយធំផងដែរបើសិនជាយើងមិនបានគិតគូរទេនោះ យើងមិនអាចប្រកួតជាមួយគេបានឡើយ ។ ខាងលើនេះជាដើមចមមួយចំនួនដែលយើងត្រូវគិតឱ្យបានច្បាស់មុនពេលចាប់ផ្ដើមចិញ្ចឹម ព្រោះវាជាបញ្ហាដែលយើងជាអ្នកចិញ្ចឹមត្រូវប្រឈមជាមួយ ។ មុនពេលចាប់ផ្ដើមចិញ្ចឹមត្រូវគិតដល់បញ្ហាទីផ្សារ, តម្លៃនៃការដឹកជញ្ជូនទៅកាន់ទីផ្សារ, អ្នកដែលយើងអាចលក់ឱ្យ ជាម៉ូយដែលអាចទទួលយកពីយើងបាន, ចំនួនក្រួចចិញ្ចឹមអាចផ្គត់ ផ្គង់ឱ្យគេបានទៀងទាត់ដែរឬទេ ? តើការចំណាយលើចំណីយើងមានធនធានល្មមអាចទប់ទល់បានដែរឬទេ ? តើយើងនឹងភ្ញាស់កូនក្រួចដោយខ្លួនឯង ? បើសិនជាដូច្នេះយើងចាំបាច់ត្រូវមានទូភ្ញាស់ ដែលអាចភ្ញាស់ពងក្រួចបានគ្រប់គ្រាន់សម្រាប់បំពេញឱ្យសេចក្ដីត្រូវការរបស់អ្នកទិញ (ទូភ្ញាស់មានពីរយ៉ាង, ទូភ្ញាស់ដោយចង្កៀងប្រេងកាត និងទូភ្ញាស់ដោយភ្លើងអគ្គិសនីអាចប្រើការបានដូចគ្នា ។ បញ្ហាដែលសំខាន់ជាងគេនោះ គឺទីផ្សារ ត្រូវដើរទាក់ទងសួរពីអ្នកដែលត្រូវការទិញក្រួចយកទៅលក់និងតម្លៃដែលគេអាចទិញពីយើង រួមទាំងការតម្រូវនានាដែលគេចង់បាន ។ បន្ទាប់ពីទីផ្សាររកបានហើយ យើងបានដឹងពីតម្លៃដែលយើងអាចលក់ឱ្យគេបានហើយ អ្វីដែលយើងត្រូវធ្វើជាបន្ទាប់ គឺគណនាលើការចិញ្ចឹមនិងការចំណាយ និងរកមើលពីចំណេញដែលយើងនឹងទទួលបាន ។ ដើមទុនសម្រាប់ចំណាយជាបឋម និងលុយខ្លះទៀតសម្រាប់ចំណាយទៅលើចំណីរបស់វា និងការថែទាំសូមកុំបារម្ភពីជម្ងឺ ក្រួចមិនមានជម្ងឺដូចមាន់ទាទេ ។
ទីកន្លែងចិញ្ចឹម៖ ក្រួចត្រូវការទីកន្លែងតូច យើងមិនចាំបាច់ត្រូវមានទីធំដូចជាមាន់ទាឡើយ ទីទំហំចំនួនមួយម៉ែត្រក្រឡាអាចឱ្យយើងដាក់ក្រួចបានចំនួន ១០០ក្បាល ។ ដូច្នេះ យើងត្រូវជ្រើសរើសទីកន្លែងណាមួយដែលសមស្របបំផុត នៅក្នុងបរិវេណដីរបស់យើង ។ ទីទួល ទីស្រឡះ មានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់និងមានប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឱ្យវា ។ ទំហំដីដែលយើងត្រូវការ ទាក់ទងច្រើនទៅនិងចំនួនក្រួចដែលយើងត្រៀមចិញ្ចឹម បើយើងមានបំណងធ្វើជាកន្លែងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ យើងចាំបាច់ត្រូវមានទីកន្លែងមួយធំគួរសម និងនៅដាច់ឆ្ងាយពីគេ ។ បើសិនជាយើងត្រៀមចិញ្ចឹមដើម្បីផ្គត់ផ្គង់សាច់សម្រាប់បរិភោគក្នុងគ្រួសារនិងលក់ចែកចាយឱ្យអ្នកក្បែរខាងក្នុងភូមិទេនោះ យើងមិនចាំ បាច់ត្រូវមានទីធមពេកនោះឡើយត្រឹមតែ បីម៉ែត្រគុណនិងប្រាំម៉ែត្រគឺល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមក្រួចបានជាង ១០០០ក្បាលដែរ ។ រោងសម្រាប់ចិញ្ចឹមក្រួច៖ រោងសម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើងដោយវិធីណាមួយក៏បាន យើងអាចចិញ្ចឹមវានៅលើដីផ្ទាល់ឬអាចធ្វើជាកម្រាលក្រាលដោយសំណាញ់ភ្នែកក្រួច ទៅតាមលទ្ធភាពដែលយើងមាន ។ ដំបូលគួរប្រក់ស្លឹកឬស្បូវដើម្បីកាត់បន្ថយកំដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែ ធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកំដៅនៅខែប្រាំង ។ បើយើងសម្រេចចិត្ដយកការចិញ្ចឹមនៅលើដី ផ្ទៃដីក្នុងរោងទាំងមូលត្រូវរៀបចំធ្វើឱ្យបានស្អាត បន្ទាប់មកត្រូវបាចកំបោរស ដើម្បីសម្លាប់មេរោគ បន្ទាប់ ពី នោះ យើងត្រូវដាក់អង្កាមឬអាចម៍រណាក្រាលលើដី បើគ្មានវត្ថុទាំងពីរនេះទេ យើងអាចប្រើចំបើងកាត់ខ្លីៗដាក់ក្រាលក៏បាន កម្រាលនេះធ្វើដើម្បីកាត់បន្ថយសំណើមពីលាមករបស់វា និងដើម្បីកាត់បន្ថយ ការសំអាតទ្រុងរបស់វា, ដោយយើងគ្រាន់តែកើបប្រមូលយកកម្រាលនោះចេញ រួចដាក់កម្រាលថ្មីជាជំនួសវិញជាការស្រេច ។ ជញ្ជាំងរបស់ទ្រុង យើងអាចធ្វើពីសំណាញ់យ៉ាំងកាវ ឬ សំណាញ់ភ្នែកក្រួចក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាពទេ យើងអាចត្បោញជាព្រួលដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន ។ នៅក្នុងទ្រុងនេះ យើងចាំបាច់ត្រូវសំអាតវាឱ្យស្អាតជានិច្ច មិនត្រូវឱ្យសត្វឆ្កែឆ្មាកណ្ដុរចូលបានឡើយ ព្រោះសត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគទៅសត្វក្រួចបាន ។ ទ្រុងមួយចំនួនផ្សេងត្រូវធ្វើជាចាំបាច់ដើម្បីដាក់កូនក្រួចដែលនៅតូចឬទើបភ្ញាស់ រូបរាងរបស់ទ្រុងមិនសំខាន់ទេ តែត្រូវធ្វើគម្របដើម្បីបើកបិទពីខាងលើ គម្របទ្រុងនេះត្រូវធ្វើប្រហោងដើម្បី យើងអាចដាក់ចង្កៀងដើម្បីកំដៅកូនក្រួចនៅពេលវានៅតូចដើម្បីផ្ដល់កំដៅឱ្យវា ។ មួយវិញទៀតនោះ ចង្កៀងនេះ អាចជួយបណ្ដេញមូស និងសត្ វល្អិតនានាកុំឱ្យមកទិចឬខាំកូនក្រួចនោះផងដែរ ។
- ក្រួចជាសត្វដែលឈ្នះជម្ងឺ យើងមិនចាំបាច់ចាក់វ៉ាក់សាំងឱ្យវាទេ តែត្រូវមានការថែទាំដិតដល់ - ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេ កូនដែលញាស់មកវាទន់ជើង នេះគឺបណ្ដាលមកពីការឱ្យចំណីដល់មេវាមិនបានគ្រប់គ្រាន់ ។ចំណីនិងទឹកសម្រាប់ក្រួច៖យើងអាចប្រើប្រាស់ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតាដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ចំណីកូនមាន់សម្រាប់ដាក់ចំណីឱ្យវាស៊ី ចំពោះគ្រឿងសម្រាប់ដាក់ទឹកវិញនោះ យើងអាចប្រើប្រដាប់ដាក់ទឹកឱ្យកូនមាន់ឱ្យវាផឹកបាន តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មីឱ្យវាឱ្យបានគ្រប់គ្រាន់ជាប់ជាប្រចាំ ។ នៅក្នុងទឹកដែលដាក់ឱ្យវាផឹកនោះ ត្រូវប្រើទឹកស្អាតជានិច្ច ជាទឹកដែលបានសំអាតហើយ មិន ត្រូវយកទឹកកខ្វក់ដែលមានប្រភពមិច្បាស់លាស់ឡើយ បើប្រើទឹកអណ្ដូងសូមដងមករក្សាទុកក្នុងអ្វីមួយឱ្យបានមួយចំហរវាមិនបាច់គ្របឱ្យបានមួយថ្ងៃជាមុនសិន មុនយកវាទៅឱ្យក្រួចផឹក ។ យើងអាចលាយកន្ទក់ម៉ត់លេខមួយ ឬប្រើពោតក្រហមដើម្បីលាយបន្ថែមជាមួយចំណីមាន់ទិញមកស្រាប់នោះ ក្នុងអត្រាដប់ប្រាំភាគរយ ។ កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់, ពោតជួយបង្កើនការលូតលាស់ លាយក្នុងអត្រាដប់ភាគរយ ។ ក្នុងមួយថ្ងៃត្រូវដាក់ចំណីឱ្យវាស៊ីចំនួនបីដង ពេលនៅតូច និងបន្ថយមកនៅត្រឹមពីរដងពេលវាអាយុបានចំនួន ២០ថ្ងៃ ។
- ក្រួចមួយក្បាលអាយុប្រាំសប្ដាហ៍ស៊ីចំណីអស់ប្រមាណជា ៥០០ក្រាម
- ក្រួចអាយុ៦ខែ ស៊ីចំណីប្រហែលជា ៣០ ទៅ ៣៥ ក្រាមក្នុងមួយថ្ងៃ
- ដើម្បីឱ្យក្រួចពងបានចំនួន១២ ពង យើងត្រូវផ្ដល់ចំណីឱ្យវាចំនួន ៤០០ក្រាម
- ក្រួចញីមានអាយុ ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯក្រួចឈ្មោលវិញមានទម្ងន់តែ ១២៥ ទៅ ១៥០ក្រាមតែប៉ុណ្ណោះ ។បើធ្វើចំណីឱ្យក្រួចដោយខ្លួនឯង យើងត្រូវផ្សំដោយរូបមន្ដពីពេលវាញាស់រហូតដល់២១ថ្ងៃ ៖ ពោតក្រហម ២៧ សណ្ដែកសៀង ៨ ជំនួសដោយម្សៅដំឡូងបត្រាវ ថោកជាង កន្ទក់ធុនល្អ ៨ ពោតសាឡី ១៥ ជំនួសដោយចុងអង្ករទាំងស្រុងបាន ម្សៅត្រីស្ងួត ១០ ព្រីម៉ិច ២.៥ ម្សៅសំបកងាវ
- លាយចំណីមាន់កូន ២៧.៥ចាប់ពីអាយុ៤ទៅ៦សប្ដាហ៍ ៖ ពោតក្រហម ៣១ សណ្ដែកសៀង
- កន្ទក់ធុនល្អ ៨ ពោតសាឡី ១៤ ជំនួសដោយចុងអង្ករបាន ម្សៅត្រីស្ងួត ១០ ព្រីម៉ិច ២.៥ ម្សៅសំបកងាវ ៥ លាយចំណីមាន់ធំ ២៧.៥ពេលក្រួចចាប់ផ្ដើមផ្ដល់ផល៖ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុចំនួន ៧សប្ដាហ៍ (៤៩ថ្ងៃ) វាអាចពងបានរហូត២៨០ ក្នុងមួយរដូវកាលនៃអាយុរបស់វា ។ នៅពេលវាមានអាយុ ៨សប្ដាហ៍ចំនួនពងរបស់វានៅរក្សាត្រឹមកម្រិតហាសិបភាគរយនិងបន្ដបែបនេះរហូតទៅ ។ ដើម្បីបង្កាត់ពងនោះឱ្យអាចភ្ញាស់បានយើងចាំបាច់ត្រូវមានក្រួចឈ្មោល មានអាយុពី ៦០ ទៅ ៧០ថ្ងៃ ដាក់លាយដោយឡែកជាមួយក្រួចញីដែលបានរើសសម្រាំងទុកសម្រាប់បង្កាត់ពូជ និដាក់ពួកវាឱ្យនៅដាច់ ដោយឡែកពីគេ ។ ក្នុងក្រួចឈ្មោលមួយក្បាលយើងដាក់មេក្រួចញីចំនួនប្រាំក្បាលលាយជាមួយ ក្នុងអត្រា មួយទៅប្រាំ ។ ពងក្រួចត្រូវការពេលចំនួន១៨ថ្ងៃដើម្បីឱ្យវាញាស់ ។ ក្នុងមេក្រួចចំនួន ៥០០ក្បាល យើងអាចផលិតកូនក្រួចបានចំនួន ១៥០០ក្បាលក្នុងមួយសប្ដាហ៍ ដូច្នេះក្នុងចំនួនមេប្រាំរយក្បាលនេះ យើងអាចបានកូនក្រួចសរុបចំនួន ប្រាំមួយពាន់កូនក្នុងមួយខែ ។ ពងដែលយើងរើសយកមកភ្ញាស់គឺជាពងដែលមានទំហំធំជាងគេ តែពងមានទំហំធម្មតាក៏យើងដាក់ឱ្យភ្ញាស់ដែរ តែដាក់ដោយឡែក ។ ដោយការធ្វើបែបនេះ យើងនឹងបានកូនក្រួចដែលមានពូជធំល្អជាងធម្មតា ។
- ក្រួចកាលណាយើងដាក់វាលាយគ្នាមានឈ្មោលមានញី វាច្រើនចឹកគ្នាឱ្យខ្វាក់ភ្នែកយើងនឹងបានឃើញក្រួចងាប់ជារឿយៗ នោះគឺបណ្ដាលមកពីវាចឹកភ្នែកគ្នានោះឯង ។
- ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុ៧សប្ដាហ៍ និងបន្ដផ្ដល់ពងរហូតដល់ចំនួន ២២សប្ដាហ៍(១៥៤ ថ្ងៃ)
- ពងរបស់ក្រួចមានទម្ងន់ប្រមាណ ៩ ទៅ ១០ក្រាមតែប៉ុណ្ណោះ
- នៅពេលកូនក្រួចមានអាយុ មួយខែ ក្រួចឈ្មោលនិងក្រួចញីត្រូវតែបំបែកចេញពីគ្នា
- ក្រួចញីត្រូវការពន្លឺចំនួន ១៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យវាបន្ដពងបានល្អ
- ក្រួចវាច្រើនតែពងនៅពេលរសៀលនិងល្ងាច
- យើងអាចប្រមូលពងបានចំនួនពីរដងក្នុងមួយថ្ងៃ
- ក្រួចឈ្មោល មានពណ៌ត្នោត និងស លាយគ្នានៅត្រង់ទ្រូងរបស់វា, ឯក្រួចញីវិញ មានតែពណ៌ត្នោតនិងមានអុចខ្មៅៗលាយជាមួយ ។
- កូនក្រួចដែលទើបញាស់មកត្រូវការកំដៅជាប់ជាប្រចាំ និងមិនអាចឱ្យវាត្រូវខ្យល់ត្រជាក់បានឡើយ ។
- កូនក្រួចទើបញាស់មានទម្ងន់ត្រឹមតែ ៨ ទៅ ១០ ក្រាមតែប៉ុណ្ណោះ ។ ទីផ្សាក្នុងប្រទេសកម្ពុជា៖
- ពងក្រួចមួយអាលក់បានត្រឹម ១០០ ទៅ ២០០ រៀល
- ក្រួចសាច់ ធ្វើស្អាតរួចហើយ អាចលក់បានតម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃប្រកួតក្នុងទីផ្សារ គឺ ២២០០ រៀល
- កូនក្រួចអាយុ១៥ថ្ងៃ អាចលក់បាតម្លៃ ១៣០០ ទៅ ១៥០០ រៀលក្នុងមួយក្បាលសម្រាប់អ្នកទិញទៅចិញ្ចឹម
- មេក្រួចហៀបពងអាយុ ៧សប្ដាហ៍អាចលក់បានតម្លៃ ២៥០០ ទៅ ៣០០០រៀលក្នុងមួយក្បាល - តម្លៃ ដែលថោកជាងគេ អាចធ្វើឱ្យយើងដណ្ដើមទីផ្សារបាន តែបើតម្លៃយើងថ្លៃជាងគេ ឬស្មើគេយើងនឹងជួបការលំបាកក្នុងការលក់ចេញមិនខាន ត្រង់នេះត្រូវរកវិធីលៃធ្វើយ៉ាងណាឱ្យចំណាយរបស់យើងសម្រាប់ចំណីអស់តិច នោះទើបយើងអាចរកចំណញបាន និងអាចលក់ចេញតម្លៃថោកជាងគេ ។
- យើងចាំបាច់ត្រូវរកទិញ ប្រដាប់សម្រាប់បោចរោមក្រួច បើយើងពង្រីកមុខរបរនេះឱ្យធំដុំតែបើវាមានចំនួនតិចទេ យើងអាចបោចដោយដៃក៏បាន តែត្រូវប្រើពេលវេលាច្រើន ។
- ម៉ាស៊ីនបោចអាចទាក់ទងរកទិញបានពីប្រទេសវៀតណាម ពេលផ្ដើមចិញ្ចឹមដំបូង គួរចាប់ផ្ដើមចំនួនត្រឹម ១០០ ទៅ ២៥០ក្បាលបានហើយ, បន្ទាប់មកបន្ដពង្រីកវាម្ដងបន្ដិចៗ រហូតយើងមានពិសោធន៍ខ្លះពីវាសិន មិនគួរចាប់ផ្ដើមចិញ្ចឹមច្រើនភ្លាមទេ ។ ប្រភពដែលយើងអាចទាក់ទងទិញពូជក្រួចមកចិញ្ចឹមបានមាន ៖
១) ឈ្មោះ រតនា ទូរស័ព្ទលេខ ៖ ០១២ ៦៦៤៥៨៥ ភ្នំពេញថ្មី
២) ឈ្មោះ វាសនា ទូរស័ព្ទលេខ ៖ ០១៦ ២៣៣៣៧៥ ភ្នំពេញថ្មី
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
៣) ឈ្មោះ ពេជ្រសុភក្ដិ ទូរស័ព្ទលេខ ៖ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើទូភ្ញាស់ពងក្រួច
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
- ទូភ្ញាស់ខ្សែភ្លើង ២០០ ដុល្លារ - ទូភ្ញាស់ដោយចង្កៀងប្រេងកាត ១២០ ដុល្លារ ខាងក្រោមនេះជា តារាងបង្ហាញពីការវិវត្ដន៍របស់ក្រួច ៖
១. ក្រួចសាច់ត្រូវការពេលវេលាចិញ្ចឹមចំនួន២៨-៣០ថ្ងៃ
២. ក្រួចចិញ្ចឹមយកពងត្រូវការពេលចំនួន៤១-៤៧ថ្ងៃ
៣. ពងក្រួចនិងញាស់នៅ១៦-១៨ថ្ងៃបន្ទាប់ពីដាក់វាភ្ញាស់
៤. ក្រួចញីដែលទុកសម្រាប់ឱ្យវាពង មិនត្រូវដាក់ឈ្មោលលាយជាមួយ
៥. ក្រួចទុកបង្កាត់ពូជត្រូវរើសទុកដោយឡែក ដាក់ញី៧០ ឈ្មោល៣០ចំណាំ៖ ដាក់ឈ្មោលច្រើនពេក យើងនឹងបានឃើញក្រួចញីជ្រុះរោមខ្នងអស់ ដោយសារឈ្មោលដណ្ដើមគ្នាជាន់មេញីដែលតិចពេកមិនគ្រប់ចំនួន ដាក់ឈ្មោលតិចពេក មេញីឈ្លោះដណ្ដើមឈ្មោលដែលនាំឱ្យវាចឹកគ្នាសម្លាប់ ជាពិសេសគឺភ្នែក ។ មេក្រួចញី នឹងមិនឈ្លោះ ឬចឹកគ្នាទេ បើគ្មានក្រួចឈ្មោលនៅលាយឡំជាមួយវា ។
៦. ពងក្រួចទុកធ្វើពូ
ជ ត្រូវរើសយកពងដែលធំល្អ ៧. កូនក្រួចដែលភ្ញាស់រួចត្រូវការកំដៅជាប់ជានិច្ច មិនអាចខានបាន
៨. ក្រួចសាច់អាចលក់ឱ្យគេក្នុងទីផ្សារបានតម្លៃ ២០០០ ទៅ ២៣០០
៩. ក្រួចមួយក្បាលស៊ីចំណីអស់ចំនួន ៣៥ ទៅ ៥០ ក្រាមក្នុង១ថ្ងៃ
១០. ដើម្បីមានក្រួចលក់ឱ្យគេរាល់ថ្ងៃ យើងត្រូវគណនាចំនួនក្រួចដែលយើងចិញ្ចឹមយកសាច់លក់នោះ ទៅតាមចំនួនដែលត្រូវលក់ចេញរាល់ថ្ងៃ ។ ឧទាហរណ៍ថា ៖បើយើងចង់លក់ក្រួចឱ្យគេក្នុងមួយថ្ងៃចំនួន ១០០ក្បាល ចូរគណនាដូចខាងក្រោម ៖ ក្រួចត្រូវការពេលចិញ្ចឹមចំនួន៣០ថ្ងៃ យើងត្រូវភ្ញាស់កូនក្រួចឱ្យបានចំនួន ១២៥ ក្បាលក្នុងមួយថ្ងៃ១០០ក្បាលទុកសម្រាប់ចិញ្ចឹមយកសាច់លក់ កូនក្រួចសល់ពីនោះ(២៥ក្បាល) ត្រូវចិញ្ចឹមបន្ដដើម្បីធ្វើមេបង្កាត់ពូជ ។
១១.ចំនួនក្រួចចិញ្ចឹម អាស្រ័យទៅលើចំនួនលុយ ដែលយើងមានអាចទិញចំណីឱ្យវាស៊ីបានគ្រប់គ្រាន់, សម្រាប់ចំនួនក្រួចដែលចិញ្ចឹមដោយបូករួមទាំងក្រួចមេឱ្យពង, ក្រួចសាច់ទុកលក់ឱ្យគេ និងកូនក្រួចដែលកំពុងចិញ្ចឹមបន្ដបណ្ដាក់គ្នា ។ យើងអាចរកចំណូលបានចំនួន ១០០ក្រួច បោះឱ្យគេបានមួយក្បាល២៣០០រៀល គុណ ១០០ ស្មើ ២៣០០០០រៀល (៥៧ ដុល្លារ) មិនទាន់ផាត់ថ្លៃចំណាយទៅលើចំណីនៅឡើយ ។
១២. ចំណាយទៅលើចំណីក្នុង១០០ក្បាល ៖ ក្រួច១០០ក្បាល ចិញ្ចឹមរហូតដល់ថ្ងៃលក់ ចំណីវាអស់ ៥០គីឡូ ដើម្បីកាត់បន្ថយចំណាយលើចំណី និងរក្សាបានប្រាក់ចំណេញ យើងត្រូវលាយចំណីខ្លួនឯងតាមរូបមន្ដនៅខាងលើ ។ ចំណីផលិតដោយខ្លួនឯង ចំណាយត្រឹមប្រហែលជា ១០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។ក្រៅពីនេះ យើងអាចលាយជាមួយចំណីស្រាប់ៗ ក្នុងអត្រាមួយ ដែលយើងអាចទទួលយកបាន ៕
- ប្រភពពី៖ www.ikonw.com
www.cen.com


  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: បច្ចេកទេសចិញ្ចឹមសត្វក្រូច Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top