Latest News

វិធីផលិតទឹកខ្មេះពីអំពៅ (ទឹកអំពៅ)

+++វិធីផលិតទឹកខ្មេះពីអំពៅ (ទឹកអំពៅ)+++
សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅតាមទីជនបទបានប្រើប្រាស់ទឹកត្នោតមកធ្វើជាទឹកខ្មេះ អ្នកខ្លះទៀតបានប្រើចេកទុំ ក្រៅពីនោះ គឺគេទិញទឹកខ្មេះដែលមានលក់ស្រាប់ច្រកដាក់ក្នុង ដបមកពីផ្សារ ។ តាមការពិតទឹកខ្មេះអាចត្រូវបានធ្វើដោយវត្ថុធាតុដើមច្រើនយ៉ាងណាស់ ចំណែកឯវិធីនៃការធ្វើវិញគឺមានច្រើនយ៉ាងខុសៗគ្នា ឯរសជាតិដែលយើងទទួលបានវិញក៏មិនដូចគ្នាដែរ ។ ខាងក្រោមនេះ យើងខ្ញុំសូមណែនាំពីវិធីយកទឹកអំពៅមកធ្វើជាទឹកខ្មេះ តាមវិធីយ៉ាងងាយដូចខាងក្រោមនេះ ។
១- កាត់អំពៅជាកង់ខ្លីៗប្រវែងមួយហត្ថ លាងទឹកឲ្យស្អាត កិនទាំងសំបក កិនរហូតលែងមានទឹកអំពៅចេញមក (កិន ២ ឬ ៣ សារ)
២- យកស្បៃស្អាតមកត្រងទឹកអំពៅនេះ ច្រោះវាឲ្យស្អាត កុំឲ្យមានសល់កាក
៣- ដាក់ទឹកអំពៅដែលបានច្រោះនេះដាំលើភ្លើងឲ្យពុះ ឬដាក់វាក្នុងក្រឡមួយគ្របឲ្យជិត ដាក់ហាលថ្ងៃចំនួន ១ថ្ងៃ ក៏អាចសម្លាប់មេរោគនានាបានដែរ ។ (ត្រូវទុកវាឲ្យត្រជាក់ដោយមិនចាំបាច់បើកគំរប)។
៤- យកមេនំ ឬដំបែរ មកដំលាយជាមួយទឹកក្តៅឧណ្ហៗទុកចោលចំហរ ចំនួន ១០-១៥នាទី ទើបចាក់ចូលក្នុងទឹកអំពៅដែលបានដាំពុះនោះ យកវែកឈើកូរវាឲ្យសព្វល្អ (ហាមប្រើវែកដែក ប្រើតែបន្ទះឫស្សី ឬវែកឈើ) ។
៥- ប្រើក្រឡដែលមានមាត់តូចសម្រាប់ធ្វើទើបងាយស្រួល ឬអាចប្រើកែវចំណុះ ១០លីត្រក៏បាន ។ បន្ទាប់ពីលាយមេចូលរួចហើយ ត្រូវទុកឲ្យវាហូរជាតិដី និងកំទេចកំទីផ្សេងៗចេញមកសិន វាអាចហូរចេញ ខ្ពុរចេញមកបានអាស្រ័យដោយយើងមិនបានគ្របវាទេ វាត្រូវការពេល ២-៣ថ្ងៃទើបមានពពុះខ្ពុរចេញមក ។
៦- បន្ទាប់ពីមានការខ្ពុរចេញនៃកករមក យើងនឹងបានឃើញទឹកថ្លាៗមានពណ៌ដែលនៅសល់ក្នុងក្រឡ យកក្រណាត់ស្អាតជូតមាត់ក្រឡឲ្យស្អាត ប្រើអ្វីមួយសម្រាប់បិទមាត់ក្រឡនេះដោយថង់ប្លាស្ទីកចងរុំដោយកៅស៊ូ មិនឲ្យមានខ្យល់ចេញចូលបានឡើយ ។ ក្នុងរយៈពេលបន្ទុំនេះយើងមិនត្រូវការខ្យល់ដូចពេលមុនទៀតទេ ។
៧- យើងរក្សាក្រឡទុកនៅត្រង់ទីមានម្លប់ត្រជាក់រយៈពេល ៥ថ្ងៃ (ជាធម្មតាវាត្រូវការពេលត្រឹមតែ ៣-៤ថ្ងៃប៉ុណ្ណោះ)
៨- ពេលវាគម្រប់ខួបបាន ៥ថ្ងៃហើយ យើងត្រូវបើកវាមើល បើឃើញមានពពុះអណ្តែតឡើងមកច្រើននោះ បានន័យថាវាមិនទាន់បញ្ចប់ការធ្វើប្រតិកម្មរបស់វាទេ តែបើយើងឃើញមានពពុះចេញមកផ្នែកខាងលើតិចតួច (មួយៗ) យើងអាចសន្មត់ថា វាបញ្ចប់ការធ្វើប្រតិកម្មនោះហើយ ។
៩- ចាក់ច្រោះយកតែទឹកថ្លារបស់វាមកដាក់ក្នុងកែវមួយធំ ឬក្រឡមាត់ធំក៏បាន (កែវ ឬក្រឡត្រូវលាងដោយទឹកក្តៅមុនយកមកប្រើ)
១០- ធ្វើតាបែស្រា ឬទិញទឹកខ្មេះទឹកត្នោតគេចំនួន ១លីត្រ មកលាយជាមួយទឹកខ្មេះដំបូងរបស់យើងនេះចំនួន ៤លីត្រ (អាចយកទឹកខ្មេះចេក, ទឹកត្នោត, ទឹកអង្ករ មកលាយជាមួយបាន តែមិនអាចប្រើទឹកខ្មេះដបមកលាយឡើយ) ។
១១- កូរល្បាយទាំងពីរនេះឲ្យសព្វល្អ តែត្រូវកូរតែមួយផ្លូវ ហាមកូរត្រឡប់ចុះត្រឡប់ឡើង
១២- ទុកវាឲ្យរងថ្លាសិនទើបចាក់ចូលក្នុងក្រឡមួយទៀត តែត្រូវលៃទុកកុំឲ្យវាពេញដល់មាត់ក្រឡ លៃត្រឹម 3/4 នៃចំណុះក្រឡបានហើយ យកក្រណាត់ស្បៃស្តើងមកចងមាត់វាឲ្យខ្យល់អាចចេញចូលបានពីពេលនេះ ទឹកល្បាយនេះវាត្រូវការអុកស៊ីហ្សែន
១៣- យើងរក្សាទុកវាបែបនេះរយៈពេលចំនួន ២សប្តាហ៍បន្ទាប់មកយើងអាចយកវាមកច្រកដាក់ដបគ្របមាត់ដោយសំឡីចំហុយក្នុងកំដៅ ៦០-៧០ដឺក្រេ ចំនួន ២០នាទី ។ ទុកវាឲ្យត្រជាក់រួចដាក់គម្របគ្របទុកប្រើការ ឬលក់ឲ្យគេក៏បាន ។
១៤- ទឹកខ្មេះនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយពីព្រោះ យើងមិនបានប្រើអាស៊ីដសម្រាប់ផលិតវាទេ គឺយើងប្រើវិធីបន្ទំឲ្យវា ‘ករ’ ជាអាស៊ីដ ដោយធម្មជាតិតែម្តង ។ ទោះបីវិធីធ្វើមានច្រើនដំណាក់កាលមែន ប៉ុន្តែវាគឺជាទឹកខ្មេះដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់បាននៅក្នុងគ្រួសារ ។បញ្ជាក់ : បើសិនជាមានដុះផ្សិត មានក្លិនមិនល្អ មានពណ៌មិនល្អ សូមកុំប្រើការឲ្យសោះ ពីព្រោះវាអាចបណ្តាលមកពីការធ្វើមិនបានស្អាត ៕
- ប្រភព knowledge.cen.com.kh



  • Blogger Comments
  • Facebook Comments

0 comments:

Post a Comment

Item Reviewed: វិធីផលិតទឹកខ្មេះពីអំពៅ (ទឹកអំពៅ) Description: Rating: 5 Reviewed By: Khpharmacy
Scroll to Top